(ប៉េកាំង)៖ ពេលថ្មីៗនេះ ស្ថាប័នពាក់ព័ន្ធរបស់អាមេរិកបានសម្រេចចិត្តលក់ គម្រោងជំនួយផ្នែកបច្ចេកទេសខាងមីស៊ីលឈ្មោះថា អ្នកស្នេហាជាតិ ដែលមានតម្លៃប្រហែល ៩៥លានដុល្លារអាមេរិក ឱ្យទៅតំបន់តៃវ៉ាន់ប្រទេសចិន។ នេះជាលើកទី៣ ដែលអាមេរិកបានលក់អាវុធឱ្យទៅតៃវ៉ាន់ ក្រោយពីរដ្ឋាភិបាលអាមេរិកអាណត្តិនេះ ឡើងកាន់អំណាច ដែលឃ្លាតពីលើកមុនត្រឹមតែពីរខែប៉ុណ្ណោះ។ ការលក់អាវុធជាញឹកញាប់ឱ្យទៅតៃវ៉ាន់ បានបង្ហាញឱ្យឃើញនូវចិត្តគំនិត លេងជាមួយភ្លើងដ៏ឆ្កួតលីលា ទង្វើបំពានលើទំនុកចិត្តនិងចេតនាអាក្រក់ ចង់ឱ្យពិភពលោកមានភាពវឹកវររបស់ភាគីអាមេរិក។

ទន្ទឹមនឹងពេលប្រកាសពីសេចក្តីព្រាងច្បាប់ស្តីពី ការលក់អាវុធទៅឱ្យតៃវ៉ាន់ថ្មីៗនេះ ភាគីអាមេរិកបានលើកយកច្បាប់ ទំនាក់ទំនងជាមួយតៃវ៉ាន់ មកធ្វើជាអ្វីដែលហៅថាមូលដ្ឋានច្បាប់ នេះគ្មានភស្តុតាងអ្វីទាល់តែសោះ។ ដូចអ្នកទាំងឡាយបានដឹងស្រាប់ហើយថា មូលដ្ឋាននយោបាយរបស់ទំនាក់ទំនងចិននិងអាមេរិក ផ្អែកទៅលើសេចក្តីថ្លែងការណ៍រួមចំនួន៣ ជាពិសេស នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហានោះ ភាគីអាមេរិកបានថ្លែងថា និងកាត់បន្ថយការលក់អាវុធទៅឱ្យតៃវ៉ាន់បន្តិចម្ដងៗ ព្រមទាំងដោះស្រាយបញ្ហានេះ តាមដំណាក់កាលនៅទីបំផុត។ ក្រោយមក ភាគីអាមេរិកបានបង្កបង្កើត ដោយឯកតោភាគីនូវអ្វីដែលហៅថា ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ និងការធានា៦ប្រការ ចំពោះតៃវ៉ាន់ បានបំពាននូវពាក្យសន្យារបស់ខ្លួន ដែលមានថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមចំនួន៣ រវាងចិននិងអាមេរិក ហើយក៏បានល្មើសគោលការណ៍ប្រទេសចិនតែមួយ ដែលសេចក្តីសម្រេចចិត្តលេខ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ បានកំណត់ក៏ដូចជាសហគមន៍អន្តរជាតិ បានគោរពជាទូទៅ វាជាទង្វើខុសច្បាប់ និងគ្មានបានផលតាំងពីដើមមក។

ទាក់ទិននឹងអ្វីដែលភាគីអាមេរិកហៅថា ការលក់អាវុធទៅឱ្យតៃវ៉ាន់ នឹងមានអំណោយផលដល់ ការលើកកម្ពស់សន្តិសុខរបស់តំបន់តៃវ៉ាន់ គឺសុទ្ធសឹងតែពាក្យសំដី ដែលបញ្ជើតអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់។ តើការលក់អាវុធទៅឱ្យតៃវ៉ាន់បាននាំមកអ្វីខ្លះដល់តៃវ៉ាន់? មហាជនកោះតៃវ៉ាន់បានមើលឃើញយ៉ាងច្បាស់លាស់។ មានអ្នកលេងអីនធឺណែតបានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកមិនចង់ឱ្យច្រកសមុទ្រតៃវ៉ាន់មានភាពនឹងនរនោះទេ អាមេរិកមកដកលុយទៀត។ នេះបានបញ្ជាក់យ៉ាងច្បាស់ពីកលល្បិចនយោបាយរបស់អាមេរិក ដែលញុះញង់ឱ្យមានស្ថានភាពតានតឹង ដើម្បីចាត់ទុកតៃវ៉ាន់ជាចៀម យកមកសម្លាប់ចោល ក៏ដូចជាធ្វើឱ្យអង្គភាពយោធានិងឧស្សាហកម្មរបស់ខ្លួន ចំណេញបានផលប្រយោជន៍ច្រើន។

ចំណែកអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យវិញ បានយកលុយដែលជាញើសឈាមរបស់ប្រជាជនតៃវ៉ាន់មកទិញអាវុធ ឃុបឃិតជាមួយកម្លាំងខាងក្រៅ ដើម្បីបង្កហេតុនិងស្វែងរកឱ្យតៃវ៉ាន់ឯករាជ្យ ប៉ុនប៉ងបដិសេធការបង្រួបបង្រួមជាតិ ដោយប្រើកម្លាំងអាវុធ គឺរុញមហាជនតៃវ៉ាន់ឱ្យចូលទៅក្នុងរណ្តៅភ្លើង។ នៅលើពិភពលោក មានចិនតែមួយគត់ តំបន់តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិន នេះជាប្រវត្តិសាស្ត្រនិងការពិតនីតិសាស្ដ្រ មិនអាចកែប្រែបានទេ។ និយាយរួម សន្តិសុខរបស់តៃវ៉ាន់ ត្រូវពឹងផ្អែកទៅលើការអភិវឌ្ឍដោយសន្តិវិធីនៃទំនាក់ទំនងត្រើយទាំងសងខាង តែមិនអាចពឹងផ្អែកទៅលើ ការទិញអាវុធពីប្រទេសអាមេរិកនោះឡើយ។

នៅចុងខែកុម្ភៈឆ្នាំនេះ ភាគីចិនបានសម្រេចចិត្តធ្វើការដាក់ទណ្ឌកម្មវិញ ចំពោះសហគ្រាសឧស្សាហកម្មយោធា របស់អាមេរិកចំនួន២ ដែលបានចូលរួមក្នុងការលក់អាវុធទៅឱ្យតៃវ៉ាន់រយៈពេលយូរ។ នេះបានបង្ហាញឱ្យឃើញឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពដែនដីជាតិ។ ប្រទេសចិនចាំបាច់ត្រូវតែបង្រួបបង្រួមជាតិមិនថាអ្នកណា កម្លាំងណាមួយក៏ដោយ សុទ្ធតែមិនអាចរារាំងបានឡើយ៕