(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី៨ ខែមេសា មហាសន្និបាតបូកសរុបលទ្ធផលការងារ និងសម្តែងការកោតសរសើរចំពោះ ព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានប្រារព្ធឡើងយ៉ាងអធិកអធម នៅវិមានសភាប្រជាជននាទីក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានថ្លែងថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ៧ឆ្នាំ ព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានប្រារព្ធឡើងដោយជោគជ័យ ដែលទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន ទាំងក្នុងប្រទេសចិននិងពិភពលោក។ រំឮកឡើងវិញពីដំណើរត្រៀមរៀបចំដ៏វិសេសវិសាលក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ យើងមិនត្រឹមតែទទួលបានក្តីរីករាយពី ភាពជោគជ័យក្នុងការតស៊ូប៉ុណ្ណោះទេ ថែមទាំងទទួលបានទ្រព្យសម្បត្តិខាងស្មារតីដ៏សម្បូរបែប និងបទពិសោធដ៏មានតម្លៃពីការតស៊ូ ដែលមានតម្លៃគួរជាទីថែរក្សា និងបន្តវេន។ លោកបានបូកសរុបលទ្ធផលការងារជាបួនចំណុច៖

ទី១ ប្រកាន់ខ្ជាប់នូវការដឹកនាំជាឯកភាពរបស់បក្ស។ ទី២ ប្រកាន់ខ្ជាប់ការប្រមូលកម្លាំងធ្វើរឿងធំនិងសំខាន់។ ទី៣ ប្រកាន់ខ្ជាប់ការបង្ការនិងឆ្លើយតបដោយម្ចាស់ការ ទៅនឹងហានិភ័យនិងបញ្ហាប្រឈមផ្សេងៗ។ ទី៤ ប្រកាន់ខ្ជាប់ការរួមបញ្ចូលគ្នារវាងការរៀបចំការប្រកួត ជាមួយការបម្រើប្រជាជននិងការជំរុញការអភិវឌ្ឍ។

លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា ចូរយើងរួមសាមគ្គីគ្នាឱ្យកាន់តែស្អិតល្មួត នៅជុំវិញគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បន្តវេនស្មារតីនៃកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង និងឆ្ពោះទៅមុខយ៉ាងស្វាហាប់ ដើម្បីសម្រេចគោលដៅមួយសតវត្សទី២ និងឆ្ពោះទៅរកការសម្រេចក្តីសុបិនចិន ស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ប្រកបដោយជំនឿចិត្តនិងក្តីក្លាហានកាន់តែមុតមាំ៕

☼លោកអ្នកក៏អាចតាមដានព័ត៌មានថ្មីៗនៃ CCFR តាមរយៈ link ខាងក្រោម៖
website៖ http://cambodian.cri.cn/
Apple Store៖ https://apps.apple.com/cn/app/ccfr/id1221735749
Huawei Store៖ https://sourl.cn/ZxaH5a