(កៀវ)៖ ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យោធាអង់គ្លេស បាននិយាយនៅសុក្រនេះថា កងកម្លាំងរុស្ស៉ី បានដកខ្លួនចេញទាំងស្រុង ពីភាគជើងអ៊ុយក្រែន ទៅកាន់ប្រទេបេឡារុស និងរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។

ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងតាមរយៈ Twitter ថា យ៉ាងហោចណាស់កម្លាំងរុស្ស៉ីមួយចំនួន នឹងត្រូវផ្ទេរទៅកាន់ភាគខាងកើតអ៊ុយក្រែន ដើម្បីត្រៀមប្រយុទ្ធនៅតំបន់ ដុនបាស់ (Donbas)។ ក្រសួងបានបន្ថែមថា កងកម្លាំងនឹងត្រូវបំពេញបន្ថែម មុនពេលដាក់ពង្រាយទៅកាន់ភាគខាងកើត ហើយសម្រាប់ការដាក់ពង្រាយឡើងវិញនៅភាគខាងជើង ទំនងជានឹងត្រូវប្រើពេល១សប្តាហ៍។

ដោយឡែក បើតាមក្រសួងការពារជាតិរុស្ស៉ី, ការបាញ់ផ្លោងទៅលើទីក្រុងនានា នៅភាគខាងកើត និងខាងត្បូង នៅតែបន្ត ហើយកម្លាំងរបស់រុស្ស៉ី បានបន្តរុលចូលពីភាគខាងកើត តាមទីក្រុងIzium ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ ទៅកាន់ភាគត្បូងអ៊ុយក្រែនបន្ថែមទៀត៕