(មូស្គូ)៖ អគ្គរដ្ឋទូតរងរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក ហ្គេនណាឌី គូសមីន (Gennady Kuzmin) បានហៅចំណាត់ការព្យួរសមាជិកភាព របស់រុស្ស៉ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាទង្វើខុសច្បាប់ និងមានចេតនានយោបាយជំរុញពីក្រោយ ជាមួយការប្រកាសដែរថារុស្ស៉ីសម្រេចចិត្តចាកចេញពី ក្រុមប្រឹក្សាសិទ្ធិមនុស្សតែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតលើដំណោះស្រាយព្យួរសមាជិកភាពរុស្ស៊ី ដែលផ្ដួចផ្ដើមឡើងដោយ សហរដ្ឋអាមេរិក ជាមួយសំឡេងគាំទ្រចំនួន ៩៣ ខណៈប្រទេសចំនួន ២៤ បោះឆ្នោតជំទាស់ និង ៥៨ប្រទេសបោះឆ្នោតអនុបវាទ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters, នៅមុនការបោះឆ្នោត រុស្ស៉ីបានព្រមានប្រទេសនានាថា ការបោះឆ្នោតគាំទ្រ ឬអនុបវាទ នឹងត្រូវ បានចាត់ទុក «ជាកាយវិការអមិត្ត» ហើយនឹងនាំមកនូវផលវិបាកសម្រាប់ទំនាក់ទំនងទ្វេរភាគីជាមួយរុស្ស៉ី។ ការបោះឆ្នោតព្យួរសមាជិកភាពរុស្ស៉ី ធ្វើឡើងបន្ទាប់ពីកងទ័ពរុស្ស៉ី ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមដោយសម្លាប់រង្គាលជនស៊ីវិលអ៊ុយក្រែនរាប់រយនាក់ ជាពិសេសនៅក្នុង ទីក្រុងប៊ូចា។

តែកន្លងមក រុស្ស៉ីតែងតែអះអាងខ្លួនកំពុងអនុវត្តប្រតិបត្តិការយោធាពិសេស ដែលមានគោលដៅបំផ្លាញប្រព័ន្ធយោធារបស់អ៊ុយក្រែន តែបដិសេធថាមិនបានវាយប្រហារលើជនស៊ីវិលនោះទេ៕