(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសថា ទីក្រុងមូស្គូសម្រេចដាក់ទណ្ឌកម្មទៅលើ ពលរដ្ឋអូស្រ្តាលីនិងនូវែលសេឡង់ ក្នុងនោះរួមទាំងនាយករដ្ឋមន្រ្តីរបស់ប្រទេសទាំងពីរផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន អាណាដូលូ (Anadolu) នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

ជនជាតិអូស្រ្តាលីសរុបរហូតដល់ ២២៨នាក់ ក្នុងនោះរួមមានទាំង នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison), សមាជិកគណៈកម្មាធិការសន្តិសុខជាតិ, សមាជិកសភាតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភា នៃប្រទេសអូស្រ្តាលី ត្រូវបានហាមឃាត់ មិនឱ្យជាន់ដីប្រទេសរុស្ស៉ីឡើយ។ ទីក្រុងមូស្គូថែមទាំងព្រមានថា នាពេលខាងមុខ កងទ័ព ធុរជន អ្នកជំនាញ និងសមាជិក នៃប្រព័ន្ធផ្សព្វផ្សាយរបស់អូស្រ្តាលី ដែលបានចូលរួមចំណែក ក្នុងការបំផុសឱ្យមានឥរិយាបថអវិជ្ជមានប្រឆាំងនឹងរុស្ស៉ី ក៏អាចនឹងត្រូវចាត់បញ្ចូលក្នុងបញ្ជីខ្មៅផងដែរ។

ជាមួយគ្នានេះ ពលរដ្ឋនូវែលសេឡង់សរុប១៣០នាក់ ក្នុងនោះរួមទាំងនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern), អគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី ស៉ីនធៀ គីរ៉ូ (Cynthia Kiro), និងសមាជិករដ្ឋាភិបាល ក៏ដូចជាសភានៃប្រទេសនូវែលសេឡង់ ក៏ត្រូវហាមមិនឱ្យជាន់ដីរុស្ស៉ីដែរ ដោយសារតែអ្វីដែលទីក្រុងមូស្គូចាត់ទុកថាជា សកម្មភាពអមិត្តប្រឆាំងនឹងរុស្ស៉ី។

គួរបញ្ជាក់ថា អូស្រ្តាលីនិងនូវែលសេឡង់ សុទ្ធតែបានចូលរួមក្នុងការដាក់ទណ្ឌកម្ម របស់ក្រុមប្រទេសលោកខាងលិច ប្រឆាំងនឹងរុស្ស៉ី ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន៕