(សិង្ហបុរី)៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បានប្រកាសនៅថ្ងៃសុក្រនេះថា ជើងហោះហើរចំនួន២ រវាងប្រទេសសិង្ហបុរី និងទីក្រុងសៀងហៃរបស់ប្រទេសចិន ដែលគ្រោងនឹងចេញដំណើរនៅថ្ងៃទី១១ ខែមេសា ត្រូវបានលុបចោល ដោយសារការបិទខ្ទប់ទីក្រុងសៀងហៃ ជុំវិញការផ្ទុះឡើងវិញនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

នៅក្នុងការបង្ហោះសារលើបណ្ដាញសង្គម Facebook ក្រុមហ៊ុនអាកាសចរណ៍ SIA បានបញ្ជាក់ថា ជើងហោះហើរ SQ830 និង SQ833 នឹងមិនអាចេញដំណើរទេ ដោយសារតែ «វិធានការបិទខ្ទប់នៅទីក្រុងសៀងហៃ ធ្វើឱ្យមានឧបសគ្គក្នុងការធ្វើប្រតិបត្តិការ។ SIA សូមធ្វើការសុំទោសដោយស្មោះចំពោះអតិថិជនដែលរងផលប៉ះពាល់។ យើងកំពុងទាក់ទងទៅពួកគេ ដើម្បីផ្តល់ជំនួយចាំបាច់ទាំងអស់ និងដើម្បីកាត់បន្ថយការរអាក់រអួល ដែលបណ្តាលមកពីការរំខាននេះ»

ការត្រួតពិនិត្យដោយទីភ្នាក់ងារសារព័ត៌មាន CNA ក៏បានបង្ហាញដែរថា គិតត្រឹមវេលាម៉ោង ១០៖៥០នាទីព្រឹកថ្ងៃសុក្រនេះ គេហទំព័រក្រុមហ៊ុនអាកាសចរណ៍ SIA មិនទទួលយកការកក់សម្រាប់ជើងហោះហើររវាងប្រទេសសិង្ហបុរី និងទីក្រុងសៀងហៃទេ។

គួរបញ្ជាក់ថា ទីក្រុងសៀងហៃដែលមានប្រជាជនចំនួន ២៦លាននាក់ កាលពីថ្ងៃទី២៧ ខែមីនា បានប្រកាសដាក់ចេញ នូវវិធានការបិទខ្ទប់ជាពីរដំណាក់កាល ដើម្បីធ្វើតេស្តរកជំងឺ COVID-19 ក្នុងរយៈពេល ៩ថ្ងៃ បន្ទាប់ពីបានរាយការណ៍នូវ ការបំបែកកំណត់ត្រាប្រចាំថ្ងៃថ្មីៗ នៃករណីឆ្លងជំងឺ COVID-19 គ្មានរោគសញ្ញា៕