(ប៉េកាំង)៖ ទីក្រុងប៉េកាំងអះអាងថា ចេតនារបស់សម្ព័ន្ធមិត្ត AUKUS ក្នុងការអភិវឌ្ឍន៍អាវុធលឿនជាងសំឡេងនឹង «បំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់» ខណៈដែលសម្ព័ន្ធមួយនេះគឺជាព្យាយាមបង្កើតអង្គការយោធាតាមបែបផែនអង្គការ NATO នៅអាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។

អ្នកនាំពាក្យការបរទេសចិនលោក Zhao Lijiang បានលើកឡើងនៅក្នុងសន្និសីទប្រចាំថ្ងៃមួយថា កិច្ចសហប្រតិបត្តិការ AUKUS នឹងបម្រើយ៉ាងពេញលេញនូវអនុត្តរភាពរបស់សហរដ្ឋអាមេរិក ថ្បិតថាវាជាប់ក្នុងចិត្ត នូវគំនិតសង្រ្គាមត្រជាក់ និងនយោបាយប្លុក»។

សម្ព័ន្ធភាពត្រីភាគី AUKUS ត្រូវបានគេដឹងថា គឺជាចំណងមេត្រីភាពមួយ ដែលបានបង្កើតឡើងដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ភាពជាដៃគូសន្តិសុខថ្មីមួយហៅថា AUKUS ត្រូវបានបង្កេីតឡេីងដោយ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី កាលពីពេលថ្មីៗនេះ ដែលក្នុងនោះ អាមេរិកនិងអង់គ្លេស នឹងជួយអូស្រ្តាលីផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។ ដូច្នេះហើយ អូស្រ្តាលីក៏បានសម្រេចលុបចោល កិច្ចព្រមព្រៀងដែលខ្លួនបានចុះកាលពីឆ្នាំ២០១៦ ដើម្បីទិញនាវាមុជទឹកធម្មតាចំនួន១២គ្រឿង ពីប្រទេសបារាំង រហូតមានការវាយប្រហារគ្នាតាមរយៈពាក្យសម្តី និងការទូតជាបន្តបន្ទាប់៕