(រីយ៉ាទ)៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាស នៅថ្ងៃព្រហស្បតិ៍ នេះពីការផ្តល់ទឹកប្រាក់ចំនួន៣ពាន់លានដុល្លារអាមេរិក ជាជំនួយសម្រាប់ប្រទេសយេម៉ែនបន្ទាប់ពីការបង្កើត ក្រុមប្រឹក្សាដឹកនាំប្រធានាធិបតី យេម៉ែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ជំនួយនេះរួមមានទឹកប្រាក់ចំនួន ២ពាន់លានដុល្លារដែលផ្តល់រួមគ្នា ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមដល់ធនាគារកណ្តាលយេម៉ែន។

វាក៏រួមបញ្ចូលផងដែរនូវទឹកប្រាក់ចំនួន ១ពាន់លានដុល្លារអាមេរិក ពីអារ៉ាប៊ីសាអូឌីតដែលក្នុងនោះ ៦០០លាន សម្រាប់ទិញឧបករណ៍និស្សន្ទវត្ថុប្រេង និង ៤០០លានទៀតសម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍ និងគំនិតផ្តួចផ្តើមនានា។

អារ៉ាប៊ីសាអូឌីត ក៏បានប្រកាសផ្តល់ប្រាក់ចំនួន ៣០០លានដុល្លារអាមេរិក សម្រាប់ផែនការឆ្លើយតបមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) ក្នុងឆ្នាំ២០២២ ដើម្បីកាត់បន្ថយការឈឺចាប់របស់ប្រជាជនយេម៉ែនផងដែរ។

ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតក៏បានជំរុញឱ្យក្រុមប្រឹក្សាយេម៉ែនដែលទើបបង្កើតថ្មី ចាប់ផ្តើមការចរចាជាមួយក្រុម Houthis ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ ដើម្បីឈានដល់ដំណោះស្រាយនយោបាយចុងក្រោយ និងទូលំទូលាយ៕