(ដាកា)៖ ក្រុមទីភ្នាក់ងារផ្តល់ជំនួយ នៅថ្ងៃអង្គារនេះបាននិយាយថា តំបន់អាហ្រ្វិកខាងលិច កំពុងប្រឈមនឹងវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ បង្ករឡើងដោយសារតែបញ្ហាជម្លោះ, គ្រោះរាំងស្ងួត រួមនិងផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន ដែលជាប្រទេសផ្គត់ផ្គង់ស្រូវដល់តំបន់នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។

នាយកអង្គការ អុកហ្វាម (Oxfam) ប្រចាំតំបន់អាហ្រ្វិកខាងលិចនិងកណ្តាល លោកស្រី អាស់សាឡាម៉ា ដាវ៉ាលេក ស៊ីឌី (Assalama Dawalack Sidi) បានលើកឡើងថា «បញ្ហាថ្មីៗដែលបានកើតឡើង និងកំពុងវិវត្តកាន់តែអាក្រក់ទៅ គឺការភៀសខ្លួននិងបោះបង់ដីចោល ដោយសារតែជម្លោះ ខណៈកត្តាចម្បងផ្សេងទៀតក្រៅពីបញ្ហានេះ, គឺតម្លៃស្បៀងអាហារពិភពលោកបានកើនឡើង ហើយពាណិជ្ជកម្មរងការរំខាន ក្រោយពីមានការវាយប្រហាររបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ខណៈដែលការបិទព្រំដែន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ក៏បានជះផលអវិជ្ជមានផងដែរ។

បើតាមសេចក្តីប្រកាសរបស់អង្គការផ្តល់ជំនួយអន្តរជាតិចំនួន១១, មនុស្សប្រមាណ២៧លាននាក់ កំពុងទទួលរងនូវភាពអត់ឃ្លាន ហើយតាមការប៉ាន់ប្រមាណចំនួននេះ អាចនឹងកើនដល់៣៩លាននាក់ នៅខែមិថុនាខាងមុខ ដែលជាកំណើន៤០% ធៀបនឹងឆ្នាំមុន និងក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត។ តំបន់នេះ ក៏បានទទួលរងនូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត កាន់តែអាក្រក់ទៅៗ ដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យប្រជាជនលំបាកក្នុងការធ្វើស្រែចម្ការ និងនាំឲ្យទិន្នផលធញ្ញជាតិបានធ្លាក់ចុះ ពីមួយឆ្នាំទៅមួយឆ្នាំ។

គួរបញ្ជាក់ថា ប្រទេសក្នុងតំបន់អាហ្វ្រិកខាងលិច ចំនួន៦ បាននាំចូលស្រូវសាលី ប្រមាណ៣០-៥០% ពីប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ខណៈដែលវិបត្តសង្រ្គាមបានបង្វែរមូលនិធិជាច្រើនទៅជួយដល់អ៊ុយក្រែន ហើយម្ចាស់ជំនួយភាគច្រើនបានឱ្យតំរុយថា ពួកគេនឹងបន្ថយជំនួយអាហ្រ្វិក ដើម្បីទុកសម្រាប់ជួយដល់ជនភៀសខ្លួននៅអឺរ៉ុបវិញ។ ទឹកដីមួយផ្នែកធំនៃហ្វ្រិកខាងលិច រួមទាំងផ្នែកខ្លះនៃប្រទេសប៊ូគីណាហ្វាសូ, ម៉ាលី, នីហ្សេ និង នីហ្សេរីយ៉ា កំពុងប្រឈមនឹងការបះបោរបស់ក្រុមប្រដាប់អាវុធ ដែលបានបង្ខំឲ្យមនុស្សរាប់លាននាក់ចាកចេញពីទឹកដីរបស់ពួកគេ ហើយរួមជាមួយប្រទេសឆាដ ប្រទេសទាំងនេះ គឺជាប្រទេសរងគ្រោះដោយភាពអត់ឃ្លានខ្លាំងជាងគេ៕