(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីការពារជាតិអាមេរិក បានបង្ហើបឱ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើតេស្តមីស៉ីលល្បឿនលឿនជាងសំឡេង (hypersonic missile) កាលពីពាក់កណ្តាលខែមីនា ប៉ុន្តែបានរក្សាការសម្ងាត់អំពីការធ្វើតេស្តនេះ អស់រយៈពេល២សប្តាហ៍ ដើម្បីចៀសវាង ការបង្កើនភាពតានតឹងជាមួយរុស្ស៉ី ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រៀមធ្វើទស្សនកិច្ចទៅកាន់អឺរ៉ុប នាពេលនោះ ចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។

ប្រភពដដែលបាននិយាយថា កំលុងការធ្វើតេស្ត មីស៉ីលល្បឿនលឿនជាងសំឡេង HAWC ត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់បែក B-52។ មន្រ្តីខាងលើបានផ្តល់ព័ត៌មានត្រួសៗប៉ុណ្ណោះ អំពីការធ្វើតេស្តនោះ ដោយត្រឹមប្រាប់ថា វាហោះនៅរយៈកម្ពស់ជិត ២០គីឡូម៉ែត្រ និងបានចម្ងាយជិត៥០០គីឡូម៉ែត្រ។

ការធ្វើតេស្តមីស៉ីលល្បឿនលឿនជាងសំឡេងរបស់អាមេរិក បានកើតមានឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបានអះអាងអំពី ការប្រើប្រាស់មីស៉ីលល្បឿនលឿនជាងសំឡេងរបស់ខ្លួនហៅថា គីនហ្សាល់ (Kinzhal) ជាលើកដំបូងក្នុងសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីដើមខែនេះ ទីក្រុងវ៉ាស៉ីនតោន ក៏បានប្រកាសដែរថា ខ្លួនសម្រេចចិត្តលុបចោល គម្រោងធ្វើតេស្តមីស៉ីលផ្លោងអន្តរទ្វីប ICBM ហៅថា ម៉ាញនូតមែន ស៉្រី (Minuteman III) ដោយសារតែភាពតានតឹងពាក់ព័ន្ធនឹង អាវុធនុយក្លេអ៊ែរជាមួយរុស្ស៉ី៕