(សៀងហៃ)៖ ទីក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃអង្គារនេះ បានពង្រីកវិសាលភាពនៃវិធានការរឹតត្បឹតលើបណ្ដាញដឹកជញ្ជូន មួយថ្ងៃបន្ទាប់ពី នៃការធ្វើតេស្តនៅទូទាំងទីក្រុង បានរកឃើញថាករណីឆ្លងជំងឺ COVID-19 គ្មានរោគសញ្ញាថ្មីៗដល់ទៅជាង ១៣,០០០ករណី។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២១។

ទីក្រុងសៀងហៃ នៅថ្ងៃអង្គារនេះដែរ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 គ្មានរោគសញ្ញាចំនួន ១៣,០៨៦ករណី កាលពីថ្ងៃទី៤ ខែមេសា ដែលធៀបទៅនឹង ៨,៥៨១ករណី កាលពីថ្ងៃទី៣ ខែមេសា ក្រោយការធ្វើតេស្តរកជំងឺ COVID-19 ត្រូវបានអនុវត្តនៅទូទាំងទីក្រុងដែលមាន ប្រជាជនចំនួន ២៦លាននាក់នេះ។

ជុំវិញការរកើនឡើងនៃករណីឆ្លងជំងឺ COVID-19 យ៉ាងគំហុកនេះ អាជ្ញាធរចិន បានប្រកាសកាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះថាវិធានការរឹតត្បឹត បន្ថែមទៀត នឹងត្រូវបានអនុវត្តលើបណ្តាញដឹកជញ្ជូនក្នុងទីក្រុងចាប់ពីថ្ងៃអង្គារនេះតទៅ ខណៈខ្សែរថភ្លើងក្រោមដីជាច្រើនខ្សែបន្ថែមទៀត ក៏ត្រូវបានផ្អាកផងដែរ។

គួរបញ្ជាក់ថា ទីក្រុងសៀងហៃ បានអនុវត្តវិធានការបិទខ្ទប់កាលពីសប្តាហ៍មុន ខណៈអាជ្ញាធរកំពុងប្រឹងប្រែងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃករណី ឆ្លងជំងឺ COVID-19 ដ៏ធំបំផុតដែលមិនធ្លាប់មានមុនមក។ វិធានការបិទខ្ទប់ ដែលត្រូវបានកំណត់ដំបូង នឹងត្រូវបញ្ចប់នៅថ្ងៃអង្គារនេះ នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង ប៉ុន្តែនាពេលឥឡូវនេះត្រូវបានបន្តអនុវត្តរហូតដល់មានការជូនដំណឹងជាថ្មី។

យោធា និងបុគ្គលិកសុខាភិបាលជាង ៣៨,០០០នាក់ត្រូវបានបញ្ជូនទៅកាន់ទីក្រុងសៀងហៃពីតំបន់ផ្សេងទៀត ដើម្បីជួយអនុវត្តការធ្វើតេស្តរកជំងឺ COVID-19 សម្រាប់ប្រជាជនចំនួន២៦លាននាក់ ជាអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានពិពណ៌នាថា ជាការឆ្លើយតបផ្នែកសុខភាពសាធារណៈដ៏ធំបំផុតរបស់ ប្រទេសចិន ចាប់តាំងពីបានដោះស្រាយការផ្ទុះឡើងជាលើកដំបូងនៃជំងឺ COVID-19 នៅក្នុងទីក្រុង Wuhan នាដើមឆ្នាំ២០២០មក៕