(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ នាថ្ងៃអង្គារនេះថា នឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ទំហំ ១០០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ប្រជាជន ដែលកំពុងបន្តជួបទុក្ខលំបាក នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជានៅតាមបណ្តាប្រទេសក្បែរខាង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NHK នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។

ការសម្រេចខាងលើធ្វើឡើង បន្ទាប់ពីការប្រកាសគ្រោងផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន ដោយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ដើម្បីឆ្លើយតបចំពោះតម្រូវការចាំបាច់ នៅក្នុងផ្នែកដូចជាសុខាភិបាល, ស្បៀងអាហារ, និងការការពារជនភៀសខ្លួន ទាំងនៅក្នុងអ៊ុយក្រែនផ្ទាល់ និងនៅតាមប្រទេសជិតខាង ដូចជាម៉ុលដាវី, ប៉ូឡូញ, ហុងគ្រី, រ៉ូម៉ានី និងស្លូវ៉ាគី។

គួរបញ្ជាក់ថា ជំនួយខាងលើនឹងត្រូវផ្តល់ តាមរយៈស្ថាប័នអន្តរជាតិចំនួន៩ រួមនិងអង្គការក្រៅរដ្ឋាភិបាលរបស់ជប៉ុនចំនួន២។ បន្ថែមជាមួយជំនួយថ្មីចុងក្រោយនេះ ការគាំទ្ររបស់ជប៉ុនសម្រាប់វិបត្តិនៅអ៊ុយក្រែន សរុបកើនដល់២០០លានដុល្លារ។ រដ្ឋាភិបាលជប៉ុន បានសង្កត់ធ្ងន់ថា ខ្លួននឹងនៅតែបន្តផ្តល់ការជួយជ្រោមជ្រែងដល់ប្រជាជនអ៊ុយក្រែន ក្រោមការសហការជាមួយសហគមន៍អន្តរជាតិ៕