(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងពិគ្រោះពិភាក្សាជាមួយសម្ព័ន្ធមិត្ត ដើម្បីធានាថា ប្រទេសរុស្ស៉ីហើយនិងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវទទួលទោស សម្រាប់បទឧក្រិដ្ឋសង្រ្គាម ដែលបានកើតឡើងនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅសេតវិមាន លោក Sullivan បាននិយាយថា លោកពុំទាន់មើលឃើញភស្តុតាង ដែលបង្ហាញថា ទង្វើឃោរឃៅរបស់រុស្ស៉ីបានឈានដល់កម្រិតជា អំពើប្រល័យពូជសាសន៍នៅឡើយទេ។ បើតាមរូបលោក ការពិគ្រោះយោបល់គ្នា រវាងអាមេរិកនិងសម្ព័ន្ធមិត្ត ប្រហែលធ្វើឡើងនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឬក៏កន្លែងដទៃទៀត។

ក្រុមមន្រ្តីអ៊ុយក្រែនបានអះអាងថា ជនស៉ីវិលរាប់រយនាក់ត្រូវបានគេបាញ់សម្លាប់ នៅក្រុងប៊ូឆា (Bucha) ក្បែររដ្ឋធានីកៀវ ខណៈក្រុងមួយនេះ ទើបតែត្រូវបានកងកម្លាំងអ៊ុយក្រែន ដណ្តើមបានមកវិញពីកងទ័ពរុស្ស៉ី។ ឆ្លើយតបចំពោះការស្លាប់យ៉ាងរង្គាលបែបនេះ អាមរិកនិងអឺរ៉ុប កំពុងពិចារណាដាក់ទណ្ឌកម្មកាន់តែធ្ងន់បន្ថែមទៀត ទៅលើប្រទេសរុស្ស៉ី។ យ៉ាងណាក្តី ខាងទីក្រុងមូស្គូ បានចេញមុខច្រានចោល ការចោទប្រកាន់ ពាក់ព័ន្ធនឹងករណីក្រុង Bucha។

គួរបញ្ជាក់ថា បើតាមលោក Sullivan ទីក្រុងវ៉ាស៉ីនតោន កំពុងស្វែងរកព័ត៌មានពីប្រភពចម្បងចំនួន៤ ដើម្បីកសាងសំណុំរឿង សម្រាប់ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន គឺពីបណ្តាញស៉ើបការណ៍សម្ងាត់, ពីអ្វីដែលខាងអ៊ុយក្រែន បានមើលឃើញនៅក្នុងប្រទេសពួកគេផ្ទាល់, ពីអង្គការអន្តរជាតិដូចជា UN ជាដើម និងពីបទសម្ភាសន៍របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអន្តរជាតិ៕