(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក ទើបតែបានអនុម័តគម្រោងលក់យន្តហោះចម្បាំង F-16 ចំនួន៨គ្រឿង រួមនិងបរិក្ខារពាក់ព័ន្ធ ឱ្យទៅប្រទេសប៊ុលហ្ការី ក្នុងតម្លៃ១.៦៧ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។

ក្រុមមន្រ្តីអាមេរិកបាននិយាយថា ការលក់សព្វាវុធនេះ មិនមែនទាក់ទងដោយផ្ទាល់ទៅនឹង ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ដែលបានជំរុញឱ្យរដ្ឋាភិបាលទីក្រុងកៀន ស្នើទៅកាន់បណ្តាប្រទេសអឺរ៉ុប ដែលមានយន្តហោះចម្បាំងសូវៀត MiG ក្នុងនោះរួមមានទាំងប៊ុលហ្ការីផងដែរ ឱ្យជួយប្រគល់ពួកវាទៅឱ្យខ្លួន ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយកងទ័ពរុស្ស៉ីឡើយ។ បើតាមផែនការកន្លងមក សម្រាប់ប្រទេសដែលជួយប្រគល់យន្តហោះ MiG ទាំងនោះ ឱ្យអ៊ុយក្រែន នឹងត្រូវសហរដ្ឋអាមេរិកផ្តល់យន្តហោះ F-16 ឱ្យជំនួសវិញ។

គួរបញ្ជាក់ថា យោងតាមក្រសួងការពារជាតិអាមេរិក ការស្នើរបស់ប៊ុលហ្ការី រួមមានការទិញយន្តហោះចម្បាំង F-16 C Block 70 ចំនួន ៤គ្រឿង, F-16 D Block 70 ចំនួន៤គ្រឿង ព្រមទាំងម៉ាស៉ីន១១គ្រឿង ហើយនិងឧបករណ៍ផ្សេងៗទៀត សម្រាប់យន្តហោះចម្បាំងទាំងនេះ៕