(វ៉ាស៉ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការពារជាតិអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថាកងទ័ពរុស្ស៊ី ប្រហែលពីរភាគបី បានដកថយចេញពីជុំវិញទីក្រុងកៀវ (Kyiv) និងបានប្រមូលផ្ដុំគ្នានៅក្នុងប្រទេសបេឡារុស ជាកន្លែងដែលពួកគេត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមប្ដូរយុទ្ធសាស្រ្តដាក់ពង្រាយឡើងវិញ នៅកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។

មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកខាងលើ បានបញ្ជាក់ដូច្នេះថា «យើងនៅតែវាយតម្លៃថា ភាគច្រើននៃក្រុមកងវរសេនាតូចច្រើនជាង ១២៥ក្រុម ដែលរុស្ស៊ីបានដាក់ពង្រាយ ដើម្បីការឈ្លានពាននេះ គឺនៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែននៅឡើយ»។ មន្ត្រីរូបនេះបានបន្ថែមថា «កងកម្លាំងរុស្ស៊ីដែល បានដកថយចេញពីជុំវិញទីក្រុងកៀវ ទំនងជាត្រូវបានបង្វែរទិសដៅឆ្ពោះទៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនវិញ ប៉ុន្តែនៅតែមិនទាន់ត្រូវបាន បញ្ជាក់ច្បាស់លាស់នៅឡើយទេ។ អ្វីដែលយើងបន្តជឿនោះគឺថា ពួកគេនឹងចាប់ផ្ដើមប្ដូរយុទ្ធសាស្រ្ត ជាមួយការផ្គត់ផ្គង់ និងការកំណត់ទីតាំង របស់ខ្លួនឡើងវិញ ប្រហែលជាថែមទាំងពង្រឹងកងកម្លាំងបន្ថែម ហើយបន្ទាប់មកបញ្ជូនត្រឡប់ទៅប្រទេសអ៊ុយក្រែនវិញ ដើម្បីបន្តការវាយប្រហារ ទ្វេដងនៅកន្លែងផ្សេងទៀត»

គួរបញ្ជាក់ថា រុស្ស៊ីត្រូវបានបណ្ដាប្រទេសលោកខាងលិច និងអ៊ុយក្រែនចោទថាបានប្រព្រឹត្តបទប្រល័យពូសាសន៍ និងឧក្រិដ្ឋកម្មសង្រ្គាម ក្រោយមាន សេចក្ដីរាយការណ៍ពីការរកឃើញសាកសពជនស៉ីវិលជាង ៤០០នាក់នៅតាមទីក្រុងជាច្រើន ដែលស្ថិតនៅចម្ងាយ ៣៧គីឡូម៉ែត្រពីទីក្រុង Kyiv ៕