(បែរឡាំង)៖ ក្រសួងការបរទេសរបស់ប្រទេសអាល្លឺម៉ង់ បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការបណ្តេញមន្រ្តី, បុគ្គលិកនៃស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបែរឡាំងចំនួន៤០រូប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។

ក្រសួងការបរទេសអាល្លឺម៉ង់បានឲ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ថា «ការសម្រេចរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការដកបុគ្គលិកទូតរុស្ស៊ីចេញពីប្រទេសនាពេលនេះគឺក្រោមហេតុលផលថា អ្នកទាំងនោះ កំពុងធ្វើកិច្ចការមួយចំនួនដែលប្រឆាំងចំពោះសេរីភាពនិងសង្គមរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រសួងក៏បានជូនដំណឹងនេះទៅកាន់ឯកអគ្គរដ្ឋទូតរុស្ស៊ីរួចហើយដែរ», «យើងនឹងពង្រឹងការដាក់ទណ្ឌកម្មថែមទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយនឹងពង្រីកកម្លាំងគាំទ្ររបស់យើងដល់អ៊ុយក្រែន ក៏ដូចជាពង្រឹងផ្នែកខាងកើតរបស់NATO»

ដោយឡែក កាសែតអាល្លឺម៉ង់ ដឺ ប៊ីល (The Bild) បានរាយការណ៍ថា បុគ្គលិកនៃស្ថានទូតរុស្ស៊ីដែលត្រូវបានកំណត់ក្នុងបណ្តេញចេញនៅពេលនេះ គឺត្រូវបានចោទប្រកាន់ថា ពួកគេបានធ្វើការស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ ហើយចំនួនអាចនឹងមានរហូតដល់១០០នាក់ ខណៈដែលមុនពេលមានសេចក្តីប្រកាសរបស់ក្រសួងមនុស្សជាង២០០០នាក់ ត្រូវបានសើបអង្កេតជុំវិញការចោទប្រកាន់ពីការផ្តល់ព័ត៌មានសម្ងាត់។

គួរបញ្ជាក់ថា សេចក្តីថ្លែងកាណ៍របស់ក្រសួងការបរទេសអាល្លឺម៉ង់នៅពេលនេះ ធ្វើឡើងបន្ទាប់ពីបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប កាលពីចុងខែមីនាកន្លងទៅ បានប្រកាសថាពួកគេកំពុងពិចារណាបណ្តេញ មន្រ្តីកាទូតរុស្ស៊ីផងដែរ ដើម្បីឆ្លើយតបនឹងប្រតិបត្តិការរបស់ទីក្រុងមូស្គូលើទឹកដីអ៊ុយក្រែន ៕