(ប៊ែរឡាំង)៖ អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល (Angela Merkel) នៅថ្ងៃចន្ទសប្ដាហ៍នេះបានចេញមុខការពារការសម្រេចចិត្ត របស់លោកស្រី កាលពីឆ្នាំ២០០៨ ដែលរារាំងមិនឱ្យអ៊ុយក្រែនចូលជាសមាជិក NATO ភ្លាមៗ ឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី បានបរិហារការសម្រេចចិត្តរបស់មេដឹកនាំបារាំង និងអាល្លឺម៉ង់ថាជា «ការគិតខុស» ដែលបានសម្រេចចិត្តមិនទទួលយកប្រទេសរបស់ លោកជាសមាជិក នៅឯកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងប៊ុយការ៉េស កាលពីឆ្នាំ២០០៨ បើទោះជាមានការជំរុញពីសហរដ្ឋអាមេរិកក៏ដោយ។ បន្ថែមពីលើនេះដោយចង់សំដៅលើការចោទប្រកាន់ថារុស្ស៊ីបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ក្នុងទីក្រុងប៊ូចា (Bucha) លោក ហ្សេលេនស្គី បានអញ្ជើញលោកស្រី មឺគែល និងអតីតប្រធានាធិបតីបារាំង លោក នីកូឡាស់ ហ្សាក់កូហ្ស៊ី (Nicolas Sarkozy) បំពេញទស្សនកិច្ចមកកាន់ទីក្រុងប៊ូចា ដើម្បីមើលពីលទ្ធផលបង្កឡើងដោយនយោបាយផ្ដល់សម្បទានរបស់មេដឹកនាំទាំង២ ដល់រុស្ស៊ី កាលពី១៤ឆ្នាំមុន។

តែទោះជាបែបនេះក្ដី លោកស្រី មឺគែល នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ នៅតែការពារការសម្រេចចិត្តរបស់លោកស្រី ក្នុងកិច្ចប្រជុំកំពូល NATO នៅឯ ទីក្រុងប៊ុយការ៉េស កាលពីឆ្នាំ២០០៨។ សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ដូច្នេះថា «ពាក់ព័ន្ធនឹងអំពើសាហាវឃោរឃៅនៅក្នុងទីក្រុងប៊ូចា និងតំបន់ ដទៃទៀតនៅក្នុងប្រទេសអ៊ុយក្រែន, រដ្ឋាភិបាល និងសហគមន៍អន្តរជាតិកំពុងឈរជាមួយអ៊ុយក្រែន ហើយកំពុងប្រឹងប្រែងដើម្បីបិទបញ្ចប់សង្រ្គាមរបស់ រុស្ស៊ី ដែលទាំងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីលោកស្រីអតីតអធិការបតីអាល្លឺម៉ង់ (លោកស្រីមឺគែល)»

គួរបញ្ជាក់ថា អាល្លឺម៉ង់បានជំទាស់ទៅនឹងការទទួលយកអ៊ុយក្រែនជាសមាជិក NATO កាលពីឆ្នាំ២០០៨ ដោយអះអាងថាអ៊ុយក្រែនមិនទាន់អាចបំពេញ លក្ខខណ្ឌនយោបាយគ្រប់គ្រាន់ នៅពេលនោះ៕