(មូស្គូ)៖ ទីក្រុងមូស្គូបានអំពាវនាវឱ្យមានកិច្ចប្រជុំពិសេស បស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការអះអាងដែលថា កងកម្លាំងរុស្ស៊ីបានប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងជនស៊ីវិលអ៊ុយក្រែននៅទីក្រុង Bucha ទីក្រុងមួយនៅខាងក្រៅទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២។

លោក Dmitry Polyansky ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យថា «ដោយមើលឃើញពីការញុះញង់ដ៏ឃោរឃៅរបស់ពួកជ្រុលនិយមអ៊ុយក្រែននៅ Bucha រុស្ស៊ីបានស្នើសុំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ ទី០៤ ខែមេសា»

គួរបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែន និងប្រទេសលោកខាងលិចបានផ្ទុះកំហឹង ចំពោះការរកឃើញផ្នូរដ៏ធំ និងមនុស្សស្លាប់រាប់រយនាក់នៅក្នុងទីក្រុង Bucha ដែលជាទីក្រុងតូចមួយនៅភាគពាយព្យនៃទីក្រុងកៀវ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបន្ទោសទីក្រុងមូស្គូដោយផ្ទាល់ថាជាអ្នកប្រព្រឹត្តិទង្វើនេះ។

ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលការចោទប្រកាន់នេះ ដោយលើកឡើងថា ការបញ្ចេញរូបភាពវីដេអូនៃសាកសពទាំងនេះ គឺជាការបង្កហេតុថ្មីមួយទៀត ពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន ខណៈដែលអ្នកកាតសែតអាមេរិកក៏ បានបង្ហើបដែរថា អាជ្ញាធរអ៊ុយក្រែនប្រើប្រាស់ករណីទីក្រុង Bucha ដើម្បីបញ្ចុះបញ្ចូលឱ្យ សហរដ្ឋអាមេរិកធ្វើអន្តរាគមយោធា ជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ី។ មិនតែប៉ុណ្ណោះ ប្រធានគណៈកម្មាការស៊ើបអង្កេតរុស្ស៊ី បានបញ្ជាឱ្យបើកការស៊ើបអង្កេត ជាផ្លូវការនូវអ្វីដែលលោកហៅថា «ការបង្កហេតុថ្មីមួយទៀត» ពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន៕