(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាប្រកាសឲ្យដឹងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចពិភាក្សាជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២។

លោក Saeed Khatibzadeh បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថា «យើងត្រៀមខ្លួនជាស្រេចដើម្បីបន្តការពិភាក្សា និងដោះស្រាយភាពភាពខ្វែងគំនិតគ្នាជាមួយអារ៉ាប៊ីសាអូឌីត។ យើងបានបង្ហាញទស្សនៈជាលាយលក្ខណ៍អក្សររបស់យើង ទៅកាន់ភាគីអារ៉ាប៊ីសាអូឌីត ហើយពួកគេគួរតែបង្ហាញពីទស្សនៈរបស់ពួកគេផងដែរ»

ដោយការស្វាគមន៍ជាថ្មីរបស់អ៊ីរ៉ង់ ចំពោះបទឈប់បាញ់នៅយេម៉ែន លោកបានបន្ថែមថា «នេះគួរតែត្រូវបានបញ្ចប់ជាមួយនឹងការចាប់ផ្តើមនៃកិច្ចសន្ទនាផ្ទៃក្នុងយេម៉ែន ហើយយើងគួរតែរង់ចាំលទ្ធផល»

គួរបញ្ជាក់ថា ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្រ្គាមស៊ីវិលចាប់តាំងពីចុងឆ្នាំ ២០១៤ នៅពេលដែលក្រុមឧទ្ទាម Houthi គាំទ្រដោយអ៊ីរ៉ង់ បានដណ្តើមកាន់កាប់ខេត្តភាគខាងជើងជាច្រើន និងបានបង្ខំរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតរបស់ប្រធានាធិបតី លោក Abd-Rabbu Mansour Hadi ចេញពីរដ្ឋធានី Sanaa។

យោងតាមអង្គការសហប្រជាជាតិ សង្រ្គាមនៅយេម៉ែនបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ជម្លៀសប្រជាជនចំនួន ៤លាននាក់ និងបានរុញច្រានប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ៕