(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងស្នើឱ្យមហាសន្និបាតអង្គការសហប្រជាជាតិផ្អាកសមាជិកភាពរបស់ប្រទេសរុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ដែលបាននិយាយនៅថ្ងៃចន្ទនេះ បន្ទាប់ពីអ៊ុយក្រែនបានចោទប្រកាន់កងទ័ពរុស្ស៊ីថា បានសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅក្នុងតំបន់ Bucha។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២។

ថ្លែងនៅក្នុងទីក្រុង Bucharest នៅថ្ងៃចន្ទនេះ លោកស្រី Thomas-Greenfield បាននិយាយថា «ការចូលរួមរបស់រុស្ស៊ីក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺជារឿងដ៏អាក្រក់មួយ»។

លោកស្រីបានសង្កត់ធ្ងន់ថា «វា ជា រឿង ខុស ហើយ នេះ ជា មូលហេតុ ដែល យើង គិត ថា វា ដល់ ពេល ដែល មហាសន្និបាត អង្គការ សហប្រជាជាតិ ត្រូវ បោះឆ្នោត ដើម្បី ដក រុស្ស៊ីចេញពី(ក្រុមប្រឹក្សាសិទ្ធិមនុស្សហើយ)»។

គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយចំនួនពីរ ដែលថ្កោលទោសរុស្ស៊ីដោយសម្លេងគាំទ្រយ៉ាងហោចណាស់១៤០សម្លេង។

អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានចោទប្រកាន់ថា កងទ័ពរុស្ស៊ីបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងទីក្រុង Bucha បន្ទាប់ពីសាកសពជនស៊ីវិលជាង ៤០០នាក់ ត្រូវបានគេប្រទះឃើញនៅតាមទីក្រុងជាច្រើន ក្បែរទីក្រុង Kyiv ក្នុងនោះមានសាកសពជនស៉ីវិលចំនួន ១៤០នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕