(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) នៅថ្ងៃចន្ទនេះ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដើម្បីអំពាវនាវ ឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើប្រទេសរុស្ស៊ី ខណៈបណ្ដាប្រទេសលោកខាងលិចធំៗ កំពុងធ្វើការរួមគ្នាបង្កើនការដាក់សម្ពាធលើ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងដើម្បីបញ្ចប់ជម្លោះនៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។

លោកស្រី Truss បានបញ្ជាក់ដូច្នេះថា «ប្រធានាធិបតីរុស្ស៊ី លោក ពូទីន មិនទាន់បង្ហាញថាគាត់មានភាពប្រាកដប្រាជាលើផ្នែកការទូត នោះទេ។ វិធីសាស្រ្ត ដ៏តឹងរ៉ឹងពីចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់យើង គឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងអ៊ុយក្រែនក្នុងការចរចា។ ចក្រភពអង់គ្លេសបានជួយត្រួសត្រាយផ្លូវ ជាមួយនឹងការដាក់ទណ្ឌកម្ម ក្នុងការបញ្ឈប់ម៉ាស៊ីនសង្រ្គាមរបស់លោកពូទីន។ យើងនឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើនសម្ពាធលើរុស្ស៊ី ហើយយើងនឹង បន្តជំរុញឱ្យប្រទេសដទៃធ្វើបែបនេះផងដែរ»

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោកស្រី Truss គ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) នៅរដ្ឋធានីវ៉ាសូវី (Warsaw) នៃប្រទេសប៉ូឡូញនៅថ្ងៃចន្ទនេះ និងសមភាគីប៉ូឡូញ លោក ប៊ីកនីវ រ៉ាវ (Zbigniew Rau) នៅថ្ងៃអង្គារស្អែកនេះ។ លោក Truss ក៏គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិក ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយក្រុមបណ្ដាប្រទេសអ្នកមាន G7 និងសម្ព័ន្ធមិត្តណាតូ (NATO) ផងដែរ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បានសម្របសម្រួលជាមួយសម្ព័ន្ធមិត្តអន្តរជាតិ ដើម្បីដាក់ទណ្ឌកម្មលើឧស្សាហកម្មសំខាន់ៗរបស់រុស្ស៉ី និងក្រុមអភិជនរុស្ស៊ី ក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះចុះខ្សោយ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕