(ម៉ូស្គូ)៖ ប្រធានគណៈកម្មាការស៊ើបអង្កេតរុស្ស៊ី លោក អាឡិចហ្សាន់ឌឺ បាសទ្រីគីន (Alexander Bastrykin) នៅថ្ងៃចន្ទនេះ បានបញ្ជាឱ្យបើកការស៊ើបអង្កេត ជាផ្លូវការនូវអ្វីដែលលោកហៅថា «ការបង្កហេតុថ្មីមួយទៀត» ពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវ (Kyiv) បានចោទប្រកាន់កងទ័ពរុស្ស៊ីថា បានសម្លាប់រង្គាលជនស៊ីវិលក្នុងទីក្រុងប៊ូចា (Bucha)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។

លោក Alexander Bastrykin បានបញ្ជាឱ្យបើកការស៊ើបអង្កេតជាផ្លូវការដោយផ្អែកលើមូលដ្ឋានថា អ៊ុយក្រែនបានផ្សព្វផ្សាយ «ព័ត៌មានមិនពិតដោយចេតនា» អំពីកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ក្នុងទីក្រុង Bucha។

គួរបញ្ជាក់ថា អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានចោទប្រកាន់ថា កងទ័ពរុស្ស៊ីបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងទីក្រុង Bucha បន្ទាប់ពីសាកសពជនស៊ីវិលជាង ៤០០នាក់ ត្រូវបានគេប្រទះឃើញនៅតាមទីក្រុងជាច្រើន ក្បែរទីក្រុង Kyiv ក្នុងនោះមានសាកសពជនស៉ីវិលចំនួន ១៤០នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕