(វ៉ាសូវី)៖ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉េតទូស ម៉ូរ៉ាវ៉ីកគី (Mateusz Morawiecki) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃចន្ទនេះថា «អាល្លឺម៉ង់គឺជារនាំងបាំងផ្លូវធំជាងគេ ក្នុងការឆ្ពោះទៅដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងបន្ថែមទៀតលើរុស្ស៊ី ខណៈប្រទេសហុងគ្រី មិនបានចូលរួមរារាំងទណ្ឌកម្មទាំងនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។

ការអត្ថាធិប្បាយរបស់លោក ម៉ូរ៉ាវ៉ីកគី ធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្រ្តីហុងគ្រី លោក វ៉ីកទ័រ អ័កបាន (Viktor Orban) បានទទួលជ័យជំនះក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ ក្រោយប្រឈមមុខនឹងការរិះគន់ ជុំវិញជំហរមិនសឹងតឹងរ៉ឹងគ្រប់គ្រាន់ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។

លោក ម៉ូរ៉ាវ៉ីកគី បានលើកឡើងយ៉ាងដូច្នេះថា «ទោះយើងដោះស្រាយជាមួយហុងគ្រី ដោយរបៀបណាក៏ក្តី យើងត្រូវយល់ថា នេះគឺជាជ័យជម្នះលើកទី ៤ហើយ ដូច្នេះយើងត្រូវតែគោរពការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យ។ អាល្លឺម៉ង់ទើបជាឧបសគ្គធំជាងគេ ក្នុងការដាក់ទណ្ឌកម្ម រីឯហុងគ្រីមិនមែនជាបញ្ហានោះទេ»

គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់និងហុងគ្រី គឺជាសមាជិករបស់ EU ហើយក៏ជាសមាជិកអង្គការ NATO ផងដែរ។ ខណៈនេះ ក្រុមមេដឹកនាំអឺរ៉ុបមួយចំនួន កំពុងអំពាវនាវឱ្យមាន ការដាក់ទណ្ឌកម្មបន្ថែមកាន់តែធ្ងន់លើរុស្ស៉ី បន្ទាប់ពីក្រុមមន្រ្តីអ៊ុយក្រែន បានអះអាងថា ពួកគេបានរកឃើញ សាកសពជនស៉ីវិលរាប់រយនាក់ ដែលត្រូវបានសម្លាប់ដោយកងទ័ពរុស្ស៉ី នៅក្រុង Bucha ដែលស្ថិតនៅក្បែររដ្ឋធានីកៀវ៕