(សេអ៊ូល)៖ ក្រុមទីប្រឹក្សាផ្នែកនយោបាយការបរទេសនិងសន្តិសុខ របស់ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ក្រោមគោលដៅចម្បងជំរុញឱ្យមាន កិច្ចប្រជុំកំពូលបានឆាប់ៗជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ព្រមទាំងដើម្បីសម្របសម្រួល កិច្ចប្រឹងប្រែងទប់ស្កាត់ការ ធ្វើតេស្តសព្វាវុធកាន់តែខ្លាំងដៃឡើង ដោយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២។

គណប្រតិភូដែលមានសមាសភាពសំខាន់ៗចំនួន៧រូប ដឹកនាំដោយលោក ផាក ជីន (Park Jin) ជាសមាជិកសភា៤អាណត្តិ នៃគណបក្សរបស់លោក Yoon ហើយនិងអតីតអនុរដ្ឋមន្រ្តីការបរទេស លោក ឆូ តែយ៉ុង (Cho Tae-yong) បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៉ីនតោន ដើម្បីជួបពិភាក្សាជាមួយក្រុមមន្រ្តី អ្នកនយោបាយ និងបញ្ញាវ័ន្តអាមេរិក។ ទាំងលោក Park និងលោក Cho កំពុងត្រូវគេមើលឃើញថា ជាបេក្ខភាពរឹងមាំជាងគេ សម្រាប់តំណែងរដ្ឋមន្រ្តីការបរទេស នៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោក Yoon។

សម្រាប់របៀបវារៈចម្បងនៃដំណើរទស្សនកិច្ចខាងលើ គឺការជំរុញឱ្យកិច្ចប្រជុំកំពូលរវាងលោក បៃដិន និងលោក យូន នៅទីក្រុងសេអ៊ូល អាចកើតឡើងបានឆាប់ៗ គឺនៅខ្ទង់ខែឧសភា ជាពេលដែលលោក បៃដិន អាចត្រូវធ្វើដំណើរទៅជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំ Quad។

គួរបញ្ជាក់ថា លោក Yoon Suk-yeol ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោត កាលពីថ្ងៃទី០៩ ខែមីនា កន្លងទៅ កំពុងតែរៀបចំ របៀបវារៈនៃគោលនយោបាយការបរទេសរបស់លោក មុនពេលត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី១០ ខែឧសភា ខាងមុខ ខណៈភាពតាននៅឧបទ្វីប ទើបតែកើនឡើងកម្តៅជាថ្មីវិញ ក្រោយការធ្វើតេស្តបាញ់មីស៉ីលផ្លោងអន្តរទ្វីប ICBM របស់កូរ៉េខាងជើង៕