(វ៉ាស៊ីនតោន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉ែស (Antonio Guterres) នាថ្ងៃអាទិត្យ ទី០៣ ខែមេសា បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈឯករាជ្យមួយ ដើម្បីរកឲ្យឃើញអ្នកទទួលខុសត្រូវ ចំពោះការស្លាប់របស់ជនស៊ីវិល ក្នុងទីក្រុងប៊ូចា (Bucha) នៃប្រទេសអ៊ុយក្រែន។ នេះបើងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២២។

តាមរយៈសារនៅលើ Twitter លោក Guterres បង្ហោះសារដូចខាងលើ តាមប្រព័ន្ធ Twitter បន្ទាប់ពីសាក្សីនិងក្រុមមន្រ្តីនៅអ៊ុយក្រែន បានអះអាងថា ទាហានរុស្ស៊ីបានសម្លាប់ជនស៊ីវិលជិត ៣០០នាក់ នៅពេលពួកគេចាកចេញពីក្រុងមួយ នេះ ដែលស្ថិតនៅក្បែររដ្ឋធានីកៀវ។

ចូលរួមសម្តែងការខឹងសម្បារ ជាមួយក្រុមមន្ត្រីលោកខាងលិចដទៃទៀត លោក Guterres បានបន្តថា «ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង ចំពោះ រូបភាពជនស៊ីវិលដែលត្រូវបានគេសម្លាប់នៅទីក្រុង Bucha របស់ប្រទេសអ៊ុយក្រែន។ ដូច្នេះវាចាំបាច់ណាស់ ដែលត្រូវបើកការស៊ើបអង្កេតដោយឯករាជ្យមួយ ដើម្បីនាំទៅរកការទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព សម្រាប់ហេតុការណ៍នេះ»

គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលការចោទប្រកាន់ដែលថា កងទ័ពរុស្ស៊ីបានសម្លាប់ជនស៊ីវិល ក្នុងទីក្រុង Bucha ដោយលើកឡើងថា ការបញ្ចេញរូបភាពវីដេអូនៃសាកសពទាំងនេះ គឺជាការបង្កហេតុថ្មីមួយទៀត ពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន ខណៈដែលអ្នកកាតសែតអាមេរិកក៏ បានបង្ហើបដែរថា អាជ្ញាធរអ៊ុយក្រែនប្រើប្រាស់ករណីទីក្រុង Bucha ដើម្បីបញ្ចុះបញ្ចូលឱ្យ សហរដ្ឋអាមេរិកធ្វើអន្តរាគមយោធា ជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ី៕