(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យមាន ការចូលរួមជាមួយគ្នាបង្កើតរដ្ឋាភិបាលរួបរួមមួយ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលប្រទេសកំពុងប្រឈម ស្របពេលដែល គណៈរដ្ឋមន្រ្តីហើយនិងទេសាភិបាលធនាគារកណ្តាល បានដាក់ពាក្យលាលែងពីតំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២។

ការិយាល័យលោក Rajapaksa បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដោយសារនេះ គឺជាភាពចាំបាច់សម្រាប់ប្រទេសជាតិ វាដល់ពេលហើយដែលយើងត្រូវធ្វើការងារជាមួយគ្នា ដើម្បីប្រជាជនគ្រប់រូបនិងអ្នកជំនាន់ក្រោយ។ លោកប្រធានាធិបតីអញ្ជើញឱ្យ គណបក្សនយោបាយទាំងអស់នៅក្នុងសភា មកចូលរួមក្នុងរដ្ឋាភិបាល ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយចំពោះ វិបត្តិដែលប្រទេសកំពុងប្រឈម»

គួរបញ្ជាក់ថា ស្ថានការណ៍វិវត្តនៅថ្ងៃនេះ កើតមានឡើង បន្ទាប់ពីលោក Rajapaksa បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្រោយប្រជាជនដែលជួបទុក្ខលំបាកខ្លាំង ដោយសារតែវិបត្តិសេដ្ឋកិច្ច បាននាំគ្នាធ្វើបាតុកម្មយ៉ាងកក្រើក៕