(វ៉ាស៉ីនតោន)៖ អ្នករាយការណ៍ព័ត៌មានអាមេរិក លោក មីឆែល ត្រេសស៊ី (Michael Tracey) បានធ្វើការអត្ថាធិប្បាយថា អាជ្ញាធរអ៊ុយក្រែនកំពុងព្យាយាមបញ្ចុះបញ្ចូល ឱ្យមានអន្តរាគមន៍យោធាពីសំណាក់សហរដ្ឋអាមេរិក ដោយប្រើប្រាស់វីដេអូស្តីពី ទិដ្ឋភាពនៅទីក្រុងប៊ូចា (Bucha) ហើយប្រព័ន្ធផ្សព្វផ្សាយអាមេរិកនាំគ្នា ចាត់ទុកវីដេអូនិងរូបភាពទាំងនោះ ជាប្រភពព័ត៌មានពិត ដែលត្រូវបានផ្ទៀងផ្ទាត់ច្បាស់លាស់។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។

លោក Tracey បានសរសេរនៅលើ Twitterថា «រយៈពេល១សប្តាហ៍មកហើយ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានរីករាយនឹងទទួលយករូបភាព វីដេអូ ឬការអះអាងនានា ដែលបង្កើតឡើងដោយរដ្ឋាភិបាលអ៊ុយក្រែន ជុំវិញទិដ្ឋភាពនៅទីក្រុង Bucha ហើយបង្ហាញពួកវាជាព័ត៌មានពិតជាក់ស្តែង។ ពួកគេបានបោះបង់ចោលស្តង់ដារសារព័ត៌មានទាំងអស់ ដើម្បីជួយជ្រោមជ្រែងដល់កិច្ចខិតខំប្រឹងប្រែងឃោសនា ឲ្យរដ្ឋាភិបាលបរទេស ដែលកំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យមានអន្តរាគមន៍ យោធាអាមេរិក ដោយបើកចំហ»

បន្ថែមលើការអត្ថាធិប្បាយ ជុំវិញវីដេអូបង្ហាញពី អ្វីដែលអ៊ុយក្រែនហៅថាជា «ឧក្រិដ្ឋកម្មរបស់កងទ័ពរុស្ស៊ីនៅក្នុងទីក្រុង Bucha» លោក Tracy បាននិយាយថា «វាមិនមែនជាការលាក់បាំងអ្វីបន្តិចសោះឡើយ អំពីប៉ុនប៉ងចុងក្រោយនេះរបស់អ៊ុយក្រែន ដែលចង់បញ្ចុះបញ្ចូលឲ្យមានអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក ឬអង្គការ NATO»។ លោក Tracey បានសង្កត់ធ្ងន់ថា «យើងកំពុងឈានដល់ដំណាក់កាលថ្មី នៃការបញ្ជុះបញ្ចូលមានអន្តរាគមន៍យោធាពីបរទេស»

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៊ី កងទ័ពរុស្ស៊ីបានដកចេញពីទីក្រុងប៊ូចា នៃតំបន់កៀវអូប្លាស់ (Kyiv Oblast) កាលពីថ្ងៃទី៣០ ខែមីនា ខណៈ «ភស្តុតាងនៃឧក្រិដ្ឋកម្ម» បានលេចចេញមក តែបួនថ្ងៃប៉ុណ្ណោះ ក្រោយក្រុមមន្រ្តីសន្តិសុខអ៊ុយក្រែន បានទៅដល់ទីក្រុងនេះ។ ក្រសួងការពារជាតិរុស្ស៉ី បានសង្កត់ធ្ងន់ថា កាលពីថ្ងៃទី៣១ ខែមីនា អភិបាលក្រុងប៊ូចា បានបញ្ជាក់នៅថ្ងៃទី៣១ ខែមីនា ថាមិនមានវត្តមានកងទ័ពរុស្ស៊ីនៅ Bucha ទៀតទេ។ អ្វីដែលសំខាន់នោះ គឺលោកមិនបាននិយាយ អំពីជនស៊ីវិល ត្រូវបានគេបាញ់សម្លាប់ នៅតាមដងផ្លូវដោយដៃជាប់ចំណងពីក្រោយខ្នង នោះឡើយ៕