(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី (Jen Psaki) គ្រោងនឹងចាកចេញពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយទៅធ្វើការឱ្យទូរទូស្សន៍ MSNBC វិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២១។

មនុស្សពីរនាក់ដែលបានដឹងអំពីបញ្ហានេះ បានប្រាប់សារព័ត៌មាន CNN នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) ថា លោកស្រី Psaki មិនទាន់បានចុះកិច្ចសន្យាជាផ្លូវការជាមួយបណ្តាញព័ត៌មានខ្សែកាបណាមួយនោះទេ ប៉ុន្តែការពិភាក្សាកំពុងស្ថិតក្នុងដំណាក់កាលជឿនលឿនទៅមុខ។

ដោយឡែក សារព័ត៌មាន Axios ដែលបានទម្លាយព័ត៌មានមុនគេ ក៏បានរាយការណ៍ដែរថាលោកស្រី Psaki នឹងរៀបចំកម្មវិធី Peacock សម្រាប់ការចាក់ ផ្សាយរបស់ទូរទូស្សន៍ NBC ព្រមទាំងនឹងបង្ហាញមុខក្នុងកម្មវិធីរបស់ទូរទូស្សន៍ MSNBC ផងដែរ។ ប៉ុន្តែ ទូរទូស្សន៍ MSNBC បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញបញ្ហានេះទេ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនច្បាស់ទេថាអ្នកណានឹងជំនួសតំណែងរបស់លោកស្រី Psaki នៅពេលដែលលោកស្រីលាលែងចេញពីតំណែង នោះទេ។ សេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញបញ្ហានេះទេ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ផ្នែកឆ្លើយឆ្លងព័ត៌មានប្រចាំនៅសេតវិមាន លោកស្រី ការីន ហ្សង់ ព្យែរ (Karine Jean-Pierre) ប្រហែលជានឹងស្ថិតក្រោមការពិចារណា ខណៈនាយកផ្នែកទំនាក់ទំនងសេតវិមាន លោកស្រី ខេត បេដីងហ្វៀល (Kate Bedingfield) ដែលបានធ្វើសន្និសីទសារព័ត៌មានលើកដំបូងរបស់លោកស្រីក្នុងសប្តាហ៍នេះ ក៏ទំនងជានឹងស្ថិតក្រោមការពិចារណាផងដែរ៕

គួរបញ្ជាក់ថា លោកស្រី Psaki បានបម្រើការជាអ្នកនាំពាក្យសេតវិមានចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Joe Biden បានចូលកាន់តំណែងជាលើកដំបូងក្នុងខែមករា ឆ្នាំ២០២១។ កាលពីប៉ុន្មានឆ្នាំមុន លោកស្រី Psaki ជាអ្នកអត្ថាធិប្បាយនយោបាយរបស់ទូរទូស្សន៍ CNN ហើយលោកស្រីក៏បានធ្វើការនៅក្នុងរដ្ឋបាលលោក Obama ជាប្រធានផ្នែកទំនាក់ទំនងសេតវិមាន និងជាអ្នកនាំពាក្យក្រសួងការបរទេសផងដែរ៕