(ម៉ុមបៃ)៖ ឈ្មួញឥណ្ឌាបានចាប់ផ្តើមដឹកជញ្ជូនអង្ករចំនួន ៤០,០០០តោន ទៅកាន់ប្រទេសស្រីលង្កា ដែលជាផ្នែកនៃជំនួយស្បៀងអាហារដ៏សំខាន់ លើកដំបូង ចាប់តាំងពីទីក្រុងកូឡុំបូ (Colombo) ទទួលបានឥណទានកម្ចីពីទីក្រុងញូដែលលី (New Delhi)។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២។

ស្របពេលស្រីលង្កាកំពុងជួបប្រទះនឹងវិបត្តិធ្ងន់ធ្ងរ, ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោក បានយល់ព្រមផ្តល់ឥណទាន ចំនួន ១ពាន់លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់របរសំខាន់ៗ រួមទាំងប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យជាដើម។

បើតាមនាយកគ្រប់គ្រងក្រុមហ៊ុន ប៉ាតតាប៊ី អាក់ហ្រ្គោ ហ្វូត (Pattabhi Agro Foods) លោក ប៊ីវី គ្រីសស្នារ៉ាវ (BV Krishna Rao), ការផ្គត់ផ្គង់អង្ករ ជូនដល់រដ្ឋាភិបាលស្រីលង្កា គឺធ្វើឡើងក្រោមកិច្ចព្រមព្រៀងផ្តល់ឥណទានរបស់រដ្ឋាភិបាលឥណ្ឌា។ សម្រាប់ដំណាក់កាលដំបូង បានបញ្ជូនទៅកាន់ កំពង់ផែភាគខាងត្បូង មុនពិធីបុណ្យដ៏សំខាន់មួយក្នុងប្រទេសស្រីលង្កា។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កា ដែលមានប្រជាជនចំនួន ២២លាននាក់នេះ កំពុងជួបផលលំបាកក្នុងការចំណាយលើការនាំចូលសំខាន់ៗ បន្ទាប់ពី ទុនបម្រុងសម្រាប់ប្តូររូបិយបណ្ណបរទេសរបស់រដ្ឋាភិបាល បានធ្លាក់ចុះ ៧០ភាគរយ ក្នុងរយៈពេលពីរឆ្នាំ ដោយទាញទម្លាក់តម្លៃរូបិយបណ្ណក្នុងស្រុក ខណៈ អាជ្ញាធរស្រីលង្កាខិតខំប្រឹងប្រែង ដើម្បីស្វែងរកជំនួយពីអ្នកផ្តល់ប្រាក់កម្ចីសកល។ ប្រធានាធិបតីស្រីលង្កា បានប្រកាសភាពអាសន្នជាសាធារណៈទូទាំង ប្រទេស កាលពីល្ងាចថ្ងៃសុក្រ ក្រោយការតវ៉ាដោយហិង្សាលើវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍៕