(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៨,០២៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២៧,៩៩៣ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ៣៦ករណីទៀត ជាករណីនាំចូល។ ក្រៅពីការរកឃើញករណី ឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៩៦នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២៣,៣៥២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៣,៦៨៤,៧៥៥ករណី ក្នុងនោះមានអ្នកស្លាប់ ២៥,៣១៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ៣.៤០លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១២៩លានដូស ក្នុងនោះប្រជាជនជាង ៥០.២០លាននាក់ (៧១.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៣.៦៩លាននាក់ (៣៣.៩%) បានចាក់ដូសជំរុញ៕