(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាផាស្កា (Gotabaya Rajapaksa) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសដាក់ ប្រទេសក្នុងភាពអាសន្ន បន្ទាប់ពីក្រុមបាតុកររាប់រយនាក់បានព្យាយាមសម្រុកចូលគេហដ្ឋានរបស់លោកដោយកំហឹង ជុំវិញចំពោះវិបត្តិសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២។

លោក Rajapaksa បានអំពាវនាវឱ្យមានការអនុវត្តច្បាប់ដ៏តឹងរ៉ឹងដែលអនុញ្ញាតឱ្យយោធាចាប់ខ្លួន និងឃុំខ្លួនជនសង្ស័យ ក្នុងរយៈពេលយូរ ដោយមិនចាំបាច់ឆ្លងកាត់ការកាត់ទោសដោយតុលាការ ខណៈបាតុកម្មទាមទារឱ្យលោក Rajapaksa ចុះចេញពីតំណែងកាន់តែរីករាលដាល ពាសពេញប្រទេសអាស៊ីខាងត្បូងមួយនេះ។ លោក Rajapaksa បន្ថែមថានៅក្នុងសេចក្តីប្រកាសមួយថា «ភាពអាសន្នត្រូវបានប្រកាសដើម្បី ការការពារសណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាការផ្គត់ផ្គង់ និងសេវាកម្មចាំបាច់ដែលជាអាយុជីវិតរបស់សហគមន៍»

គួរបញ្ជាក់ថា ស្រីលង្កា ដែលមានប្រជាជនជាង ២២លាននាក់ កំពុងជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីការទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨ ដោយប្រឈមមុខនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃសម្ភារៈសំខាន់ៗ, ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃទំនិញនានា ហើយការផ្គត់ផ្គង់អគ្គិសនី ត្រូវបានកាត់ផ្តាច់ដល់រយៈពេល១៣ម៉ោង ក្នុងមួយថ្ងៃៗ ដោយសារ រដ្ឋាភិបាលមិនមានសមត្ថភាពទូទាត់ថ្លៃនាំចូលឥន្ធនៈ។

បញ្ហានេះបាននាំឲ្យក្រុមបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នា នៅក្បែរគេហដ្ឋានរបស់លោក Rajapaksa ដែលស្ថិតក្នុងជាយរដ្ឋធានី កូឡុំបូ (Colombo) ដើម្បីសម្តែងការតវ៉ារបស់ពួកគេ ចំពោះសមត្ថភាពដោះស្រាយបញ្ហារបស់លោក រហូតផ្ទុះជាអំពើហិង្សា៕