(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក នឹងផ្ដលកញ្ចប់ជំនួយសន្តិសុខបន្ថែមមានទំហំទឹកប្រាក់ ៣០០លានដុល្លារ ឱ្យអ៊ុយក្រែន ក្នុងនោះ មានបញ្ចូលទាំងប្រព័ន្ធគ្រាប់រ៉ុក្កែតបំពាក់ឡាស៊ែរ, ដ្រូន និងសេវារូបភាពប្រព័ន្ធផ្កាយរណបជាដើម។ នេះបើតាមការចេញផ្សាយដោយ

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក ចន ឃឺប៊ី (John Kirby) បានគូសបញ្ជាក់ដូច្នេះថា «ការសម្រេចចិត្តនេះបានបង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេ របស់សហរដ្ឋអាមេរិកចំពោះ ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដើម្បីដល់គាំទ្រកិច្ចខិតប្រឹងប្រែងដ៏ក្លាហានរបស់ពួកគេក្នុងការប្រយុទ្ធតស៊ូនៅក្នុង សង្រ្គាមរបស់រុស្ស៊ី»

គួរបញ្ជាក់ថា កញ្ចប់ជំនួយបន្ថែមខាងលើ នឹងធ្វើឱ្យជំនួយដែលសហរដ្ឋអាមេរិកបានផ្ដល់ឱ្យអ៊ុយក្រែន កើនដល់ ១.៦ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕