(ប៉េកាំង)៖ ការប៉ះទង្គិចយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន បានផ្ទុះឡើងជាងមួយខែហើយ សង្គ្រាមនៅតែកំពុងអូសបន្លាយទៀត ដែលមិនគ្រាន់តែបណ្តាលឱ្យ ទាហាននិងជនស៊ីវិលនៃប្រទេសទាំងពីរ ស្លាប់បាត់បង់ជីវិតនិងរងរបួសប៉ុណ្ណោះទេ ថែមទាំងបានបណ្តាលឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់ ក្លាយជាជនភៀសខ្លួនទៀតផង។

ក្នុងនាមជាអ្នកផ្តើមឱ្យមាន ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន អាមេរិកនៅតែបន្តញុះញង់ពីក្រោយទៀត អាមេរិកធ្វើដូចនេះ គឺដោយមកពីធាតុពិតរបស់ខ្លួនដែលជា «ក្រុមឧស្សាហកម្មយោធា»។ នេះជាកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធមួយរវាងកងទ័ព ឧស្សាហកម្ម រដ្ឋាភិបាល និងរដ្ឋសភាអាមេរិកជាដើម ព្រមទាំងបានគប់គិតគ្នាជាមួយក្រុមផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាធនាគារគំនិតនិងប្រព័ន្ធសារព័ត៌មានជាដើម ក្រុមនេះបានបង្ក «សត្រូវ» នៅទូទាំងពិភពលោកជាបន្តបន្ទាប់ ក្នុងន័យញុះញង់ការប៉ះទង្គិចនៅប្រទេសដទៃ ដើម្បីឆក់យកផលកម្រៃពីសង្គ្រាម រីឯការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ក៏ជាសត្វដែលត្រូវប្រមាញ់ថ្មីរបស់ «ខ្មោចជញ្ជក់ឈាម» ទាំងនេះ។

ទង្វើរបស់ក្រុមឧស្សាហកម្មយោធារបស់អាមេរិក ដែលឆក់យកផលកម្រៃពីសង្គ្រាម មិនគ្រាន់តែបណ្តាលឱ្យពិភពលោកកើតមាន ភាពច្របូកច្របល់ប៉ុណ្ណោះទេ ថែមទាំងក៏បានលេបត្របាក់ទ្រព្យសម្បតិ្តជាច្រើន ក្នុងសង្គមអាមេរិកផងដែរ។ លោក Spinney អតីតមន្ត្រីក្រសួងការពារជាតិអាមេរិក ធ្លាប់ចេញផ្សាយអត្ថបទដោយបានលើកឡើងថា ក្នុងរយៈពេល៣០ឆ្នាំកន្លងមក ក្រុមឧស្សាហកម្មយោធាអាមេរិកមានឥទ្ធិពលខ្លាំងណាស់ បណ្តាលឱ្យរដ្ឋាភិបាលមិនអាចដាក់ចេញនយោបាយ សម្រាប់គាំពារសន្តិភាពពិភពលោកនោះទេ ជាងនេះទៅទៀត ក៏បានបណ្តាលឱ្យឧស្សាហកម្មយោធារបស់អាមេរិក គេចវេះពីការប្រកួតប្រជែង និងកើតមានអំពើពុករលួយ ធ្វើឱ្យកម្លាំងប្រកួតប្រជែងសេដ្ឋកិច្ចរបស់អាមេរិកធ្លាក់ចុះ ពីមួយឆ្នាំទៅមួយឆ្នាំ។

ប៉ុន្តែ ក្រុមឧស្សាហកម្មយោធាអាមេរិកមិនសូវខ្វល់នឹងរឿងនេះទេ ក្នុងកែវភ្នែករបស់ពួកគេមើលឃើញតែ ផលប្រយោជន៍ រហូតដល់មានអ្នកសង្ឃឹមថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន អាចអូសបន្លាយ១០ឆ្នាំទៀតផង។ ដូចនេះ លោក Spinney បានសើចចំអកថា «បន្ទាប់ពីផ្ទុះការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនមក អាចជឿថា មានមនុស្សជាច្រើនបានយកស្រាសាំប៉ាញ មកជប់លៀងដោយស្ងាត់ៗហើយ»