(ណៃពិដោ)៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) នៅថ្ងៃអាទិត្យនេះបាននិយាយថាយោធានៃប្រទេសរបស់ លោកនឹងមិនធ្វើការចរចាជាមួយក្រុមប្រឆាំងដែលលោកផ្ទាល់ចាត់ទុកថា «ក្រុមភេរវករ» នោះទេ ជាមួយការសន្យាតាមកម្ទេចពួកគេរហូតដល់ទីបញ្ចប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២។

លោក មីន អោងឡាំង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយ នាឱកាសនៃការប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធដោយមានការធ្វើព្យុហយាត្រា យោធា និងអាវុធ នៅក្នុងរដ្ឋធានីណៃពិដោ សម្រាប់រយៈពេល ២ឆ្នាំជាប់គ្នា ចាប់តាំងពីមានការធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលលោកស្រី អោងសាន ស៊ូជី ចេញពីអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។

ថ្លែងនាឱកាសនោះ លោក មីន អោងឡាំង បានបញ្ជាក់ដូច្នេះថា «ខ្ញុំចង់និយាយថាយោធាមីយ៉ាន់ម៉ា នឹងមិនធ្វើការចរចាជាមួយក្រុមភេរវករ និងអ្នកគាំទ្រ របស់ពួកគេដែលកំពុងសម្លាប់ប្រជាជនស្លូតត្រង់នោះទេ...ហើយនឹងតាមកម្ទេចពួកគេរហូតដល់ទីបញ្ចប់»។ របបយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ថា រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) គឺជាក្រុមភេរវករ និងបានសម្លាប់ប្រជាជនស៊ីវិលស្លូតត្រង់ តែរដ្ឋាភិបាលស្រមោលនេះបានច្រានចោលការចោទប្រកាន់បែបនេះ ហើយថាពួកគេនឹងតស៊ូប្រឆាំងនឹងរបបយោធារហូតដល់ដង្ហើមចុងក្រោយ។

គួរបញ្ជាក់ថា បើតាមអង្គការសង្គមស៊ីវិលមីយ៉ាន់ម៉ា Assistance Association for Political Prisoners (AAPP) មនុស្សច្រើនជាង ១,៧០០នាក់ ត្រូវបានសម្លាប់ និងជិត ១៣,០០០នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក ខណៈខាងយោធា អះអាងថាតួលេខនេះត្រូវបានបំប៉ោង៕