(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) និងអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុន លោក រុំា អេម៉ានូអែល (Rahm Emanuel) បានព្រមានរុស្ស៊ីប្រឆាំងនឹងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ កំលុងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហ៊ីរូស៊ីម៉ា (Hiroshima) ដែលធ្លាប់រងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរពីសំណាក់សហរដ្ឋអាមេរិក ក្នុងសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២។

ការព្រមានរបស់លោក គីស៊ីដា និងលោក អេម៉ានូអែល ធ្វើឡើងកំឡុងអ្នកទាំង២ បំពេញទស្សនកិច្ចទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃសៅរ៍ម្សិលមិញ និងបន្ទាប់ពីទីក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះបានព្រមានថារុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរ បើអាយុជីវិតប្រទេសជាតិ រងការគំរាមកំហែង។ លោក អេម៉ានុយអែល បានថ្កោលទោសលើគោលជំហរបែបនេះរបស់រុស្ស៊ី ជាមួយការសង្កត់ធ្ងន់ថាប្រវត្តិសាស្ត្រនៃទីក្រុង ហ៊ីរ៉ូស៊ីម៉ា បានបង្រៀនមនុស្សជាតិថាវាជារឿងមិនត្រឹមត្រូវ ចំពោះការគំរាមកំហែងពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ។

លោកបានបញ្ជាក់ដូច្នេះថា «យើងកំពុងរស់នៅក្នុងពេលវេលាមួយមិនធ្លាប់មានពីមុនមក ដោយរុស្ស៊ីបានគំរាមពីការប្រើអាវុធនុយក្លេអ៊ែរ ដែលនេះជា រឿងមិនគួរគិតដល់ និងមិនគួរនិយាយចេញមកក្រៅ»

គួរបញ្ជាក់ថា ប្រជាជនជប៉ុនប្រមាណ ១៤០,០០០នាក់ បានស្លាប់នៅពេលដែលទីក្រុងហ៊ីរ៉ូស៊ីម៉ា រងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរពីសំណាក់ សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៤៥ ដោយចំនួនជនរងគ្រោះទាំងនេះរាប់បញ្ចូលទាំងអ្នកស្លាប់ភ្លាមៗ និងស្លាប់ដោយសារធាតុវិទ្យុសកម្មនៅប៉ុន្មានឆ្នាំ បន្តបន្ទាប់។ ៣ថ្ងៃក្រោយមក ក្នុងឆ្នាំដដែល ទីក្រុងវ៉ាស៊ីនតោនបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងណាហ្កាសាគី ដោយសម្លាប់ជីវិតមនុស្សជាង ៧៤,០០០នាក់ ហើយមកទល់នឹងពេលនេះ សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ក្នុងលោក ដែលបានប្រើអាវុធនុយក្លេអ៊ែរនៅក្នុងសង្រ្គាម៕