(ប៉េកាំង)៖ ប្រអប់ខ្មៅទី២ នៃយន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ដែលបានធ្លាក់នៅឯភាគខាងត្បូង នៃប្រទេស កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅនេះ ត្រូវបានរកឃើញហើយ។ នេះបើតាមក្រុមមន្ត្រីចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២។

ប្រអប់ខ្មៅទី១ ដែលជាឧបករណ៍ថតសំឡេងនៅកាប៊ីនយន្តហោះត្រូវបានរកឃើញ និងបញ្ជូនទៅកាន់ទីក្រុងប៉េកាំងដើម្បីស៊ើបអង្កេត រីឯប្រអប់ខ្មៅ ប្រអប់ខ្មៅទី២ គឺជាឧបករណ៍កត់ត្រាទិន្នន័យហោះហើរ។ មូលហេតុនៃការធ្លាក់យន្តហោះ មិនទាន់អាចត្រូវសន្និដ្ឋានបានខណៈតួយន្តហោះភាគច្រើន បានក្លាយទៅជាបំណែកតូចៗ ក្រោយពេលធ្លាក់ ហើយបំណែកសាកសពមនុស្សមួយចំនួន ត្រូវបានរកឃើញ។

គួរបញ្ជាក់ថា ក្រោយខិតខំប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាព ដើម្បីព្យាយាមស្វែងរកជនរងគ្រោះប៉ុន្មានថ្ងៃមកនេះ ទីបំផុតអាជ្ញាធរចិនកាលពីថ្ងៃសៅរ៍ ម្សិលមិញ បានប្រកាសជាផ្លូវការថា មនុស្សសរុបទាំង១៣២នាក់ ធ្វើដំណើរលើយន្តហោះជើងហោះហើរ MU5735 ដែលធ្លាក់នៅតំបន់ក្វាងស៉ី (Guangxi) ភាគខាងត្បូងប្រទេសចិនគឺបានបាត់បង់ជីវិតទាំងអស់។

យន្តហោះដឹកអ្នកដំណើរខាងលើ ដែលជារបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern និងមានប្រភេទ Boeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្នុងគោលដៅធ្វើដំណើរពី ទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។ នៅលើនោះ មានវត្តមានអ្នកដំណើរ១២៣នាក់ និងក្រុមការងារយន្តហោះ៩នាក់៕