(ស៊ីដនី)៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ម៉ារីស ផេន (Marise Payne) នៅថ្ងៃសុក្រនេះថា បានប្រកាសថាអាជ្ញាធរអូស្រ្តាលីបានបញ្ចេញកញ្ចប់ ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងជនជាតិបេឡារុស រួមទាំងប្រធានាធិបតី លោក អាឡិចហ្សាន់ដឺ លូកាសឈិនកូ (Alexander Lukashenko) និងសមាជិកគ្រួសារ របស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

លោកស្រី ផេន បានបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលបេឡារុស ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី អាឡិចហ្សាន់ដឺ លូកាសឈិនកូ នៅតែបន្តផ្តល់ ការគាំទ្រជាយុទ្ធសាស្រ្តដល់រុស្ស៊ី ខណៈដែលកងកម្លាំងយោធារបស់ពួកគេកំពុងវាយប្រហារលើអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសអ៊ុយក្រែន»

គួរបញ្ជាក់ថា ការអនុម័តកញ្ចប់ទណ្ឌកម្មថ្មីខាងលើ ត្រូវបានកំណត់គោលដៅប្រឆាំងប្រធានាធិបតីបេឡារុស ដែលក្នុងនោះមានភរិយារបស់លោក គឺលោកស្រី ហ្កាលីណា (Galina) និងកូនប្រុស, លោក វ៉ិចទ័រ (Viktor) ព្រមទាំងមន្រ្តីបេឡារុសមួយចំនួនទៀត ក៏ដូចជាមន្រ្តីយោធាជាន់ខ្ពស់ផងដែរ៕