(វ៉ាស៊ីនតោន)៖ លោកស្រី ម៉ាឌីលែន អាល់ប្រាយ (Madeleine Albright) ដែលជាអតីតរដ្ឋមន្ត្រីការបរទេសជាស្ត្រីដំបូងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រ របស់សហរដ្ឋអាមេរិក បានទទួលមរណភាពហើយក្នុងវ័យ ៨៤ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រុមគ្រួសាររបស់លោកស្រី Albright បានបញ្ជាក់ថាលោកស្រី ទទួលមរណភាពដោយសារជំងឺមហារីក។ ជាកិច្ចចូលរួមរំលែកមរណទុក្ខ លោកប្រធានាធិបតី ចូ បៃដិន បានបង្ហាញភាពសោកសៅ ខណៈអតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន បានលើកសរសើរលោកស្រីថាជាអ្នកការទូតដ៏ឆ្នើមម្នាក់ ដែលបានប្រឹងប្រែងដើម្បីសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយបានហៅការស្លាប់របស់លោកស្រីជាការបាត់បង់មួយដ៏ធំធេងសម្រាប់ពិភពលោកទាំងមូល។

គួរបញ្ជាក់ថា លោកស្រី Madeleine Albright ត្រូវបានលោក ប៊ីល គ្លីនតុន ជ្រើសរើសជាបេក្ខភាពរដ្ឋមន្ត្រីការបរទេសអាមេរិកកាលពីឆ្នាំ១៩៩៧។ លោកស្រី អាចនិយាយអង់គ្លេស, ឆែក, បារាំង និងរុស្ស៊ីបានយ៉ាងស្ទាត់ជំនាញ។ បេសកកម្មការទូតចុងក្រោយបំផុតមួយដ៏សំខាន់របស់លោកស្រី Albright នោះគឺ លោកស្រីបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ២០០០ ជាទីដែលលោកស្រីបានជួបពិភាក្សាជាមួយអតីតមេដឹនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល (Kim Jong-Il) ដែលត្រូវជាឪពុកលោក គីម ជុងអ៊ុន៕