(ឡុងដ៍)៖ ចក្រភពអង់គ្លេស នឹងផ្ដល់មីស៊ីលចំនួន ៦,០០០ដើមឱ្យអ៊ុយក្រែន ព្រមទាំងជំនួយជាថវិកាជិត ៤០លានដុល្លារ ដើម្បីគាំទ្រដល់ការផ្សាយ ព័ត៌មានរបស់ BBC នៅក្នុងតំបន់ ក៏ដូចជាការចំណាយចាយវាយសម្រាប់កងទ័ព និងពីឡុតអ៊ុយក្រែន។ នេះបើតាមការិយាល័យ នាយករដ្ឋមន្ត្រីអង់គ្លេស ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានឱ្យដឹងទៀតថាលោក ចនសុនផ្ទាល់នឹងប្រកាសពីការផ្ដល់កញ្ចប់ជំនួយថ្មីខាងលើដល់អ៊ុយក្រែន នាឱកាសចូលរួមកិច្ចប្រជុំកំពូល NATO និងក្រុមប្រទេស G7 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនឹងបង្ហាញការគាំទ្រផងដែរដល់ ការពង្រឹងសមត្ថភាពយោធាអ៊ុយក្រែន នៅពេលអនាគត។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់អឺរ៉ុប) ត្រូវបានគេរំពឹងថាជាពេលដែល មេដឹកនាំលោកខាងលិចប្រកាសពីការផ្ដល់ជំនួយ និងការប្ដេជ្ញាបន្តគាំទ្រអ៊ុយក្រែន ក្នុងនោះរួមមានទាំងការផ្ដល់ជំនួយជាបរិក្ខានានាដើម្បីជួយ អ៊ុយក្រែនការពារខ្លួន ប្រឆាំងនឹងការគំរាមកំហែងពីអាវុធគីមី, ជីវសាស្ត្រ, វិទ្យុសកម្ម និងនុយក្លេអ៊ែរជាដើម៕