(ប្រ៊ុចសែល)៖ អគ្គលេខាធិការអង្គការណាតូបាននិយាយថា នៅក្នុងកិច្ចប្រជុំកំពូលមួយនាថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា មេដឹកនាំណាតូនឹងយល់ព្រមក្នុងការពង្រឹងផ្នែកខាងកើតរបស់ខ្លួន ដោយនឹងដាក់ពង្រាយក្រុមប្រយុទ្ធថ្មីចំនួន០៤ នៅក្នុងប្រទេសប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

លោក Jens Stoltenberg បានប្រាប់សន្និសីទសារព័ត៌មានមុនកិច្ចប្រជុំកំពូលនៅទីក្រុង Brussels ស្តីពីរុស្ស៊ីថា «ខ្ញុំរំពឹងថា មេដឹកនាំអង្គារណាតូនឹងយល់ព្រមពង្រឹងជំហររបស់អង្គការលើគ្រប់វិស័យ ជាមួយនឹងការបង្កើនកម្លាំងផ្នែកខាងកើត ទាំងលើដី លើអាកាស និងនៅលើសមុទ្រ»

លោកបានបន្ថែមថា ជាមួយនឹងក្រុមសមរភូមិថ្មី និងកងកម្លាំងដែលមានស្រាប់នៅក្នុងបណ្តាប្រទេសបាល់ទិក និងប៉ូឡូញ ណាតូនឹងមានក្រុមចម្រុះជាតិសាសន៍ចំនួនប្រាំបីនៅតាមបណ្តោយផ្នែកខាងកើតនៃសម្ព័ន្ធភាព។

លោក Stoltenberg បាននិយាយថា វិបត្តិអ៊ុយក្រែនបានបង្ហាញថា អង្គការណាតូត្រូវតែកំណត់ឡើងវិញនូវជំហរការពារ និងរារាំងរបស់ខ្លួនសម្រាប់រយៈពេលវែង៕