(តូក្យូ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់សភាជប៉ុននៅថ្ងៃពុធនេះថា អង្គការសហប្រជាជាតិបានបរាជ័យលើការដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់លោក ដោយអំពាវនាវឱ្យមានការដាក់សម្ពាធបន្ថែមលើប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

មេដឹកនាំអ៊ុយក្រែនបានប្រាប់ក្រុមសមាជិកសភាជប៉ុនតាមខ្សែវីដេអូថា «ទាំងអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិមិនបានដំណើរការទេ(ជុំវិញបញ្ហាអ៊ុយក្រែន)។ កំណែទម្រង់គឺរឿងចាំបាច់»

លោក Zelensky បានសង្កត់ធ្ងន់ថា «យើងត្រូវការឧបករណ៍មួយ ដើម្បីធានាសុវត្ថិភាពដល់ពិភពលោកជាចម្បង អង្គការសហប្រជាជាតិដែលមានស្រាប់មិនដំណើរការសម្រាប់គោលបំណងនេះទេ ដូច្នេះយើងត្រូវបង្កើតឧបករណ៍ថ្មីដែលអាចទប់ស្កាត់ការឈ្លានពានបាន»

គួរជម្រាបថា ដំណោះស្រាយរបស់ស្ថាប័នអន្តរជាតិត្រូវបានរំខាន ដោយសារតែរុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន ហើយបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវរាល់ការថ្កោលទោស ឬសកម្មភាពជុំវិញការឈ្លានពានលើអ៊ុយក្រែន៕