(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច កំពុងវាយតម្លៃថាតើរុស្ស៊ីគួរតែបន្តស្ថិតនៅជាសមាជិកនៃក្រុមប្រទេស G20 ដែរឬយ៉ាងណា ក្រោយទីក្រុងម៉ូស្គូ ប្រើកម្លាំងយោធាលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីលោកខាងលិចដែលដឹងពីបញ្ហានេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ បើតាម Reuters ការសម្រេចចិត្តដករុស្ស៊ីចេញពីក្រុមប្រទេស G20 នឹងត្រូវធ្វើឡើងដោយការបោះឆ្នោតពីសមាជិកដទៃ ដែលក្នុងនោះរួមមានចិន, ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ដែលសុទ្ធសឹងតែជាប្រទេសមានទំនាក់ទំនងល្អជាមួយរុស្ស៊ី។ ដូច្នេះវាកំពុងបង្កឱ្យមានការសង្ស័យថា កិច្ចប្រជុំ G20 អាចនឹងត្រូវបានលើកពេល ខណៈឥណ្ឌូណេស៊ីជាប្រធានប្ដូរវេន G20 សម្រាប់ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា ក្រោយរុស្ស៊ីក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤, ទីក្រុងម៉ូស្គូត្រូវបានបណ្ដាប្រទេសជាសមាជិក G7 សព្វថ្ងៃរួមមាន សហរដ្ឋអាមេរិក, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, កាណាដា, ជប៉ុន និងចក្រភពអង់គ្លេស បានសម្រេចចិត្តដករុស្ស៊ីចេញ ដែលធ្វើក្រុមប្រទេស G8 មកនៅជា G7 វិញ។ ប៉ុន្តែ ការដករុស្ស៊ីចេញ G20 ទំនងជាមិនអាចធ្វើទៅបានឡើយ៕