(ម៉ូស្គូ)៖ អ្នកនាំពាក្យនៃវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា គោលនយោបាយសន្តិសុខរបស់រុស្ស៊ីបានកំណត់ថា ទីក្រុងម៉ូស្គូ នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើអាយុជីវិតប្រទេសជាតិទាំងមូលរងការគំរាមកំហែង។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក ប៉េសកូវ ធ្វើឡើង នៅចំពេលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានឈានចូលដល់ ៤សប្តាហ៍ហើយ ចាប់តាំងពីលោក ពូទីន បានប្រកាសបើកប្រតិបត្តិការយោធា នៅចំពោះមុខបណ្ដាប្រទេសលោកខាងលិចបារម្ភខ្លាចថាជម្លោះអាចបង្ករទៅជាសង្រ្គាមនុយក្លេអ៊ែរ។

ឆ្លើយតបនឹងសំណួរនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN នៅថ្ងៃអង្គារសប្ដាហ៍នេះថាតើលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាមអ៊ុយក្រែនដែរឬទេ? លោក ប៉េសកូវ បាននិយាយថា «យើងមានគោលការណ៍សន្តិសុខសម្រាប់ប្រទេស ហើយជាទូទៅ ប្រសិនបើមាន ការគំរាមកំហែងណាមួយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ យើងនឹងឆ្លើយតបវិញដោយការប្រើប្រាស់អាវុធប្រភេទ ដូចគ្នានេះ»

គួរបញ្ជាក់ថា កាលពីចុងខែកុម្ភៈកន្លងទៅ លោក ពូទីន បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ ហើយផ្អែកតាម បទបញ្ជានេះ, ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅក៏បានដាក់កងកម្លាំងនុយក្លេអ៊ែរ រួមទាំងកងនាវាភាគខាងជើង និងប៉ាស៊ីហ្វិក ស្ថិតក្រោមកាតព្វកិច្ចត្រៀមប្រយុទ្ធផងដែរ៕