(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ នៅសហរដ្ឋអាមេរិកបានកើតឡើង រឿងហេតុប៉ុន្មានករណីដែលគួរឱ្យភ័យខ្លាចយ៉ាងខ្លាំង។

ពេលក្រុមលើកទឹកចិត្តនៃវិទ្យាល័យមួយនៅរដ្ឋ Texas របស់សហរដ្ឋអាមេរិកបានសម្តែងនៅសួនកម្សាន្ត Disney នៅពេលថ្មីៗកន្លងទៅនេះ ពួកគេបានស្រែកពាក្យស្លោក ដែលមកពីវប្បធម៌ជនជាតិឥណ្ឌាអាមេរិកកាំងថា «ទៅបកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង ទៅបកស្បែកក្បាលរបស់ពួកគេ»

តើហេតុអ្វីបានជាសិស្សវិទ្យាល័យទាំងនោះ អាចស្រែកពាក្យស្លោកដ៏ឃោរឃៅអ៊ីចឹង? រឿងនេះគឺមានដើមហេតុជាយូរណាស់មកហើយ។

ចាប់តាំងពីអ្នកអាណានិគមនិយមដើរលើដីរបស់អាមេរិកខាងជើងមក ក៏ចាប់ផ្តើមអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ ចំពោះជនជាតិឥណ្ឌាអាមេរិកកាំងតាមផែនការដែរ។ នៅឆ្នាំ១៨១៤ លោក James Madison ដែលជាប្រធានាធិបតីអាមេរិកកាលនោះ បានប្រកាសបទបញ្ជាមួយថា ប្រគល់ស្បែកក្បាលមួយរបស់ជនជាតិឥណ្ឌាអាមេរិកកាំង រដ្ឋាភិបាលនឹងផ្តល់ប្រាក់រង្វាន់ពី៥០ដល់១រយដុល្លារអាមេរិក ។

នៅឆ្នាំ១៨៦៤ ដោយសារជនជាតិឥណ្ឌាអាមេរិកកាំងចំនួនតិច ប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលក់ដីធ្លី ដូច្នេះ លោក John Chivington គ្រូគង្វាលរបស់អាមេរិកបានបង្កើត «ការសម្លាប់រង្គាល Sand Creek» ដ៏អាស្រូវឈ្មោះ នៅតំបន់ភាគអាគ្នេយ៍នៃរដ្ឋ Colorado។ ទាហានរបស់លោក John Chivington បានវះចេញស្បែកក្បាលរបស់ស្ត្រីនិងកុមារ កាត់ក្បាលរបស់ពួកគេ ហើយដង្ហែក្បួនបង្ហាញជាសាធារណៈ បន្ទាប់ពីវិលត្រឡប់ទៅក្រុង Denver វិញ។

ក្រៅពីនេះ សិស្សស្បែកសថ្នាក់ទី៨នៃសាលារៀនមួយនៅរដ្ឋ Carolina ខាងជើងរបស់អាមេរិកបានរៀបចំធ្វើ «ការលក់ដេញថ្លៃទាសករត្រាប់តាមការពិត» មួយលើក ដែលក៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

លោកស្រី Ashley Palmer ម្តាយរបស់សិស្សអាមេរិកម្នាក់ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់គាត់ថា មិត្តរួមថ្នាក់មួយចំនួនរបស់លោក Jeremiah ដែលជាកូនប្រុសស្បែកខ្មៅរបស់លោកស្រី បានរៀបចំធ្វើ «ការដេញថ្លៃទាសករ» មួយលើក នៅពេលថ្មីៗកន្លងទៅនេះ ហើយកូនប្រុសរបស់គាត់ ត្រូវចាត់ទុកជាទាសករយកទៅលក់ដេញថ្លៃហើយ។

លោកស្រី Ashley Palmer បានថ្លែងថា ពេលរៀបរាប់អំពីរឿងដែលត្រូវគេលក់ដោយដេញថ្លៃ ចំពោះលោកស្រី កូនប្រុសរបស់គាត់គឺមានភាពស្ងប់ស្ងាត់ណាស់ ហាក់ដូចជារឿងនេះគឺជារឿងធម្មតាមួយ។ ចំណែកលោក Christy Wagner ដែលជាឳពុករបស់សិស្សស្បែកខ្មៅម្នាក់ទៀត ដែលត្រូវគេលក់ដោយដេញថ្លៃបានថ្លែងថា តាមការពិត ទង្វើពូជសាសន៍និយមបែបនេះ មិនត្រឹមតែបានកើតឡើងនៅស្រុក Chatham ប៉ុណ្ណោះទេ ថែមទាំងក៏បានកើតឡើងនៅរដ្ឋ Carolina ខាងជើងនិងតំបន់នានាទូទាំងសហរដ្ឋអាមេរិកទៀតផង។

ការរើសអើងពូជសាសន៍ជាស្លាកស្នាមដ៏អាក្រក់ ដែលមិនអាចបំភ្លេចបានបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ គិតមកទល់បច្ចុប្បន្ននេះ ក្រុមជនជាតិភាគតិច ដែលយកពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកជាតំណាង នៅតែទទួលភាពអយុត្តិធម៌ ឬអសមភាពយ៉ាងទូលំទូលាយ ក្នុងការរៀនសូត្រ រកការងារធ្វើនិងជីវភាពរស់នៅប្រចាំថ្ងៃជាដើម។

នឹកស្មានមិនដល់ថា ក្នុងសាលារៀនដែលជាកន្លែងបង្រៀននិងអប់រំសិស្ស និងបណ្តុះបណ្តាលធនធានមនុស្សជូនចំពោះសង្គមនេះ សិស្សអាមេរិកបែរជាគិតថា «ការលក់ដូរទាសករ» និង «បកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង» គឺជារឿងប្រក្រតី។ អាចនិយាយបានថា នៅសហរដ្ឋអាមេរិក ការរើសអើងពូជសាសន៍ បានក្លាយជាចរិតអាក្រក់ជាប្រព័ន្ធទៅហើយ។ តើមនុស្សជំនាន់ក្រោយរបស់សហរដ្ឋអាមេរិក ដែលធំធាត់ឡើងក្នុងប្រព័ន្ធអប់រំបែបនេះ អាចអនុវត្តតាមអ្វីដែលហៅថា «ប្រជាធិបតេយ្យ» និង «សិទ្ធិមនុស្ស» ដែលអាមេរិកបានអួតអាងទាំងនោះឬទេ? ចំណែកសមភាពពូជសាសន៍វិញ ក៏មុខជានឹងក្លាយជារឿងដែលមិនអាចសម្រេចបាន នៅសហរដ្ឋអាមេរិកជាក់ជាមិនខាន៕