(ប៉េកាំង)៖ ទាក់ទិននឹងរឿងដែលភាគីអាមេរិកប៉ុនប៉ងដាក់ទណ្ឌកម្មទៅលើ មន្ត្រីចិនក្រោមលេសរំលោភសិទ្ធិមនុស្ស លោក Wang Wenbing អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដែលបើកធ្វើនៅថ្ងៃទី២២ ខែមីនា ដោយដាស់តឿនឱ្យភាគីអាមេរិក មើលពីសភាពការណ៍សិទ្ធិមនុស្សរបស់ចិន ដោយអាកប្បកិរិយាសត្យានុម័តនិងយុត្តិធម៌ បញ្ឈប់ការលាបពណ៌ និងគាបសង្កាត់ប្រទេសចិន ដោយចេតនាអាក្រក់ ក៏ដូចជាលុបចោលភ្លាមៗ នូវអ្វីដែលហៅថា ការដាក់ទណ្ឌកម្មលើមន្ត្រីចិន។ បើពុំនោះសោត ភាគីចិនមុខជានឹងចាត់វិធានការដាក់ទណ្ឌកម្មដូចគ្នាវិញ ជាក់ជាមិនខាន។

លោក Wang Wenbin បានលើកឡើងថា អ្នករំលោភសិទ្ធិមនុស្សខ្លាំងបំផុត នៅលើពិភពលោកគឺសហរដ្ឋអាមេរិក។ ចាប់ពីបានបង្កើតរដ្ឋមក សហរដ្ឋអាមេរិកបានដកហូតជាប្រព័ន្ធ នូវសិទ្ធិរស់រានមានជីវិតនិងសិទ្ធិជាមូលដ្ឋាន ដូចជា សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិវប្បធម៌ជាដើម របស់ជនជាតិឥណ្ឌាអាមេរិកាំង តាមរយៈមធ្យោបាយ ដូចជា ការសម្លាប់រង្គាល បណ្តេញនិងបង្ខំឱ្យកែប្រែទម្លាប់រស់នៅ ឱ្យដូចគ្នានឹងជនជាតិស្បែកសជាដើម ដែលជាការប៉ុនប៉ងធ្វើឱ្យក្រុមជាតិសាសន៍នេះ រលាយសាបសូន្យទាំងរូបកាយនិងវប្បធម៌។ ស្របពេលជាមួយគ្នានេះ លោកក៏បានដាស់តឿនឱ្យភាគីអាមេរិក គួរតែគិតពិចារណាឡើងវិញយ៉ាងប្រាកដប្រជា ពីកំហុសរបស់ខ្លួនព្រមទាំងកែតម្រូវ បទឧក្រិដ្ឋដ៏ច្រើនសន្ធឹករបស់ខ្លួន ក្នុងវិស័យសិទ្ធិមនុស្ស៕