(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានតែងតាំងអតីតមន្រ្តីការទូតជាន់ខ្ពស់ម្នាក់ គឺលោក ចូសែប យុន (Joseph Yun) ដើម្បី ដឹកនាំកិច្ចចរចាជាមួយបណ្តាប្រទេសដែនកោះតូចៗចំនួន៣ ប៉ុន្តែជាប្រទេសយុទ្ធសាស្រ្តដ៏សំខាន់នៃតំបន់ប៉ាស៊ីហ្វិក ហើយនេះជាសញ្ញាមួយបង្ហាញពី

ការប្រឹងប្រែងខ្ទប់ការកើនឡើងឥទ្ធិពលរបស់ចិន ដែលនៅតែជាគោលដៅអាទិភាពរបស់សហរដ្ឋអាមេរិក បើទោះបីជាមានសង្រ្គាមនៅអ៊ុយក្រែន ក៏ដោយ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន, ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថាលោក យុន ធ្លាប់ជាបេសកជនពិសេសរបស់អាមេរិកទទួលបន្ទុក កិច្ចការកូរ៉េខាងជើង នៅក្នុងអាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា និងលោក ដូណាល់ ត្រាំ។ ក្រសួងការបរទេសអាមេរិកបន្ថែមទៀតថា ដោយមើលឃើញពី លក្ខខណ្ឌដ៏ស្មុគស្មាញនៃកិច្ចចរចាទាំងនេះ, លោកប្រធានាធិបតី ចូ បៃដិន បានសម្រេចតែងតាំងលោក យុន ជាបេសកជនពិសេសរបស់ប្រធានាធិបតីដើម្បីដឹកនាំកិច្ចចរចា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងផ្ដោតសំខាន់លើជំនួយ និងទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែនកោះចំនួន៣ ក្នុងតំបន់ប៉ាស៊ីហ្វិក ក្នុងនោះ រួមមានប្រទេសកោះ ម៉ាស់សាល (Marshall), សហព័ន្ធរដ្ឋមីក្រូនេស៊ី និងប្រទេសដែនកោះប៉ាលូ។ កិច្ចពិភាក្សាបន្តបានចាប់ផ្តើមក្នុងអំឡុងពេលរដ្ឋបាល ដឹកនាំដោយលោក ដូណាល់ ត្រាំ ប៉ុន្តែមិនមានការចូលរួមជាសំខាន់ជាមួយមន្ត្រីអាមេរិក ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មក ស្របពេលដែលប្រទេសចិន បានចាប់ផ្តើមធ្វើឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចទៅកាន់បណ្តាប្រទេសកោះប៉ាស៊ីហ្វិក ដោយផ្តោតលើទេសចរណ៍ និងពាណិជ្ជកម្ម ខណៈអាមេរិកយល់ថាចិន ចង់បង្កើតមូលដ្ឋានយោធានៅក្នុងតំបន់ទាំងនោះ៕