(ញូវយ៉ក)៖ អភិបាលក្រុងញូវយ៉ក លោក Eric Adams បានប្រកាសថា ប្រសិនបើចំនួនករណីឆ្លងកូវីដ១៩ បន្តបង្ហាញកម្រិតនៃហានិភ័យទាប ការពាក់ម៉ាស់នឹងជាជម្រើសសម្រាប់ក្មេងអាយុពី២ដល់៤ឆ្នាំ ចាប់ពីថ្ងៃទី០៤ ខែមេសាតទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន New York Times នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

លោក Adams បាននិយាយថា «ខ្ញុំតែងតែនិយាយថា វិទ្យាសាស្រ្តនឹងណែនាំយើងឱ្យចេញពីជំងឺរាតត្បាត ហើយដោយសារតែយើងបានអនុវត្តតាមទិន្នន័យ យើងកំពុងឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ទីក្រុងញូវយ៉កបច្ចុប្បន្នស្ថិតក្នុងបរិយាកាសដែលមានហានិភ័យទាប»

លោកបានបន្ថែមថា «... ជារៀងរាល់ថ្ងៃយើងពិនិត្យមើលទិន្នន័យ ហើយប្រសិនបើយើងបន្តឃើញកម្រិតទាបនៃហានិភ័យ ដូច្នេះនៅថ្ងៃចន្ទ ទី៤ ខែមេសា ការពាក់ម៉ាស់សម្រាប់កុមារដែលមានអាយុចន្លោះ ២ដល់៤ឆ្នាំ នៅក្នុងសាលារៀន និងកន្លែងមើលថែទាំពេលថ្ងៃ នឹងក្លាយជាជម្រើស...»