(មូស្គូ)៖ តុលាការរុស្ស៊ីនៅថ្ងៃអង្គារនេះ កាត់ទោសមេដឹកនាំគណបក្សប្រឆាំង លោក Alexey Navalny ដែលកំពុងជាប់ពន្ធនាគារស្រាប់ ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបួនឆ្នាំ នៅក្នុងពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់ នៅក្នុងសេចក្តីសម្រេចមួយដែលនឹងធ្វើឱ្យអ្នករិះគន់កំពូលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងបាត់មុខ ចំពេលមានការបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើក្រុមប្រឆាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

មេបក្សប្រឆាំង លោក Navalny ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ បានច្រានចោលភាពស្របច្បាប់នៃដំណើរការនីតិវិធីកាត់ទោសខាងលើ ខណៈដែលលោកបានប្រើការបង្ហាញខ្លួនរបស់លោកក្នុងអំឡុងពេលសវនាការនេះ ដើម្បីបរិហារការឈ្លានពានរបស់ លោក ពូទីន ជុំវិញបញ្ហាអ៊ុយក្រែន ដែលបានធ្វើឱ្យរុស្ស៊ីធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច និងឯកោអន្តរជាតិ។

លោក Navalny បានប្រាប់តុលាការនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់គាត់ថា «វាជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូបឥឡូវនេះ ដើម្បីប្រឆាំងនឹងសង្រ្គាមនេះ។ ការវាយប្រហារលើអ៊ុយក្រែននឹងបណ្តាលឱ្យដួលរលំ និងបែកបាក់របស់ប្រទេសរុស្ស៊ី»

គួរបញ្ជាក់ថា លោក Navalny វ័យ៤៥ឆ្នាំ ត្រូវបានឃុំខ្លួនតាំងពីខែមករា ឆ្នាំ២០២១មកម្លេះ នៅពេលលោកបានត្រឡប់ចូលប្រទេសវិញ ក្រោយព្យាបាលឲ្យជាពីការពុលថ្នាំពុលសរសៃប្រសាទនៅក្រៅប្រទេស ដែលរដ្ឋាភិបាលលោកខាងលិចថា ជាស្នាដៃរបស់សេវាកម្មសម្ងាច់លោក ពូទីន។ អាជ្ញាធររុស្ស៊ីបានចោទប្រកាន់លោក Navalny ថា បានដើរតួជាភ្នាក់ងារលោកខាងលិច៕