(ម៉ូស្គូ)៖ សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលបានឈានចូលដល់ថ្ងៃទី២៧ បានបង្កឱ្យមានការចោទសួរឡើងនូវសំណួរដ៏គួរឱ្យចាប់អារម្មណ៍ នោះគឺ ថាតើនៅក្នុងចំណោមតួអង្គជាប់ពាក់ព័ន្ធសំខាន់ៗ, នរណាជាអ្នកចំណេញ ហើយនរណាជាអ្នកខាត? បើនិយាយពីរុស្ស៊ី និងអ៊ុយក្រែន គេមិនទាន់អាច កំណត់អ្វីបានឡើយទេ តែគេដឹងយ៉ាងច្បាស់ថាសង្រ្គាមនេះបានបង្កការខាតបង់ធ្ងន់ធ្ងរដល់អាយុជីវិតប្រជាជនស៊ីវិលស្លូតត្រង់ និងសេដ្ឋកិច្ចពិភពលោក។

មកទល់នឹងបច្ចុប្បន្ន, សង្រ្គាមមានសភាពកាន់តែក្ដៅគគុក និងមិនទាន់មានដំណោះស្រាយនយោបាយអ្វីនោះទេ ខណៈពួកមហាអំណាចដូចជា សហភាពអឺរ៉ុប, សហរដ្ឋអាមេរិក, ចិន ឬឥណ្ឌា ជាដើមត្រូវបានគេមើលឃើញថាសុទ្ធតែកំពុងប្រឹងប្រែងសម្លឹងមើល និងការពារផលប្រយោជន៍របស់ ពួកគេរៀងៗខ្លួន។ ជាធម្មតាសង្រ្គាមតែងតែបង្កការខាតបង់ ប៉ុន្តែ «នៅក្នុងគ្រោះថ្នាក់ ក៏តែងតែមានលាភសំណាងផងដែរ»។ ដូច្នេះក្រៅពីរុស្ស៊ី និងអ៊ុយក្រែន តើនរណាជាអ្នកចំណេញ ហើយនរណាជាអ្នកខាតនៅក្នុងសង្រ្គាមអ៊ុយក្រែន? យើងអាចចាប់ផ្ដើមមុនគេពីសហភាពអឺរ៉ុប។

* សហភាពអឺរ៉ុប

ដោយសារតែសង្រ្គាមផ្ទុះនៅលើទឹកដីអឺរ៉ុប, សហភាពអឺរ៉ុបត្រូវបានគេមើលឃើញថាជាតួអង្គមួយដ៏សំខាន់ ហើយក៏ជាអ្នកទទួលរងការខាតបង់ធ្ងន់ធ្ងរ ជាងគេផងដែរ នោះគឺផ្នែកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយរុស្ស៊ីតែម្ដង។ បណ្ដាប្រទេសអឺរ៉ុបភាគច្រើនសុទ្ធតែពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នរុស្ស៊ី ដើម្បីបំពេញតម្រូវការថាមពលរបស់ខ្លួន។ នៅក្នុងរយៈពេលខ្លី ឬមធ្យម បណ្ដាប្រទេសអឺរ៉ុបប្រហែលជាមិនអាចរកអ្នកផ្គត់ផ្គង់ប្រេង ជាពិសេសឧស្ម័នជំនួសរុស្ស៊ីបានឡើយ ហើយការធ្វើបែបនេះបានច្បាស់ណាស់ វាត្រូវការធនធានយ៉ាងសម្បើម និងឆន្ទៈនយោបាយច្បាស់លាស់។

បើតាមក្រុមអ្នកជំនាញ បណ្ដាប្រទេសអឺរ៉ុបអាចរកអ្នកផ្គត់ផ្គង់ប្រេងជំនួសរុស្ស៊ីបាន តែចំពោះឧស្ម័នប្រទេសអឺរ៉ុប តួយ៉ាងអាល្លឺម៉ង់ និងអ៉ីតាលី មិនអាច ធ្វើបានដោយស្រួលនោះទេ ដ្បិតវាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអឺរ៉ុបទាំងមូល។ រីឯ ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ក៏នឹងមានលក្ខណៈ ខុសប្លែកពីគ្នាដែរ ពោលគឺវាអាស្រ័យថាតើប្រទេសនោះពឹងផ្អែកលើធនធានធម្មជាតិរុស្ស៊ីដល់កម្រិតណា។ តែសង្រ្គាមនៅអ៊ុយក្រែន, វាបានជួយជំរុញ ល្បឿននៃការអនុម័តគម្រោងជាច្រើនរបស់សហភាពអឺរ៉ុប, ធ្វើឱ្យប្រទេសជាសមាជិកងាកមកសាមគ្គីគ្នា, ពង្រឹងអត្តសញ្ញាណខ្លួនឯងឡើងវិញ និងពង្រឹងសមត្ថភាពយោធាជាដើម។

* សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក មិនមែនជាប្រទេសដែលត្រូវការប្រេង ឬឧស្ម័នខ្លាំងពីរុស្ស៊ីដូចអឺរ៉ុបនោះទេ។ ប៉ុន្តែ ការដាក់ទណ្ឌកម្មលើការនាំចូលប្រេង ឬថាមពល ពីរុស្ស៊ី ចង់ឬមិនចង់ វាក៏ធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចអាមេរិកផងដែរ ជាឧទាហរណ៍គឺការឡើងថ្លៃប្រេង ឬឧស្ម័ន។ សង្រ្គាមនៅអ៊ុយក្រែនបានទាញ ចំណាប់អារម្មណ៍របស់ទីក្រុងវ៉ាស៊ីនតោន ចេញពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយដើម្បីសម្ព័ន្ធមិត្តនៅអឺរ៉ុប សហរដ្ឋអាមេរិកអាចនឹងបង្កើនវត្តមានយោធា របស់ខ្លួននៅអឺរ៉ុប ដែលការធ្វើបែបនេះនឹងធ្វើឱ្យអាមេរិកបាត់បង់ធនធាន យកមកប្រជែងខ្ទប់ឥទ្ធិពលចិន។ លើសពីនេះទៅទៀត សង្រ្គាមអ៊ុយក្រែន ក៏បានបង្ហាញដែរថាពីការថយចុះឥទ្ធិពលរបស់អាមេរិកក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ាជាទីដែលប្រទេសភាគច្រើន បានបដិសេធថ្កោលទោស និងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។

យ៉ាងណាមិញ ខណៈមិនចង់ និងកំពុងព្យាយាមទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើងដោយផ្ទាល់ជាមួយរុស្ស៊ី សហរដ្ឋអាមេរិកក៏ទទួលបានផលចំណេញ ខ្លះៗដែរ។ នោះគឺសង្រ្គាមនៅអ៊ុយក្រែនបានជួយឱ្យ NATO មានការឯកភាពគ្នាឡើងវិញ ហើយជំរុញឱ្យប្រទេសជាសមាជិកចូលរួមចំណែកបង្កើន កញ្ចប់ថវិកាយោធា។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, លោក បារ៉ាក់ អូបាម៉ា និងលោក ចច ដាប់ប៊ែល យូប៊ូស មិនអាចសម្រេច គោលដៅនេះបានឡើយ។ និយាយពីនយោបាយនៅក្នុងស្រុក សហរដ្ឋអាមេរិកអាចប្រើស្ថានការណ៍សង្រ្គាមអ៊ុយក្រែន ដើម្បស្វែងរកឯកភាពជាតិ ទោះជាក្នុងរយៈពេលខ្លីក៏ដោយ ហើយរឹតតែសំខាន់តាមរយៈការដាក់ទណ្ឌកម្ម ទីក្រុងវ៉ាស៊ីនតោននឹងយកឱកាសនេះជាន់សេដ្ឋកិច្ចរុស្ស៊ីឱ្យរាបដល់ដី។

* ចិន និងឥណ្ឌា

ផ្ទុយពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក, ចិនត្រូវបានគេមើលឃើញថាជាអ្នកចំណេញធំជាងគេពីសង្រ្គាមនៅអ៊ុយក្រែន។ បច្ចុប្បន្ន សម្ពាធយោធា និងនយោបាយរបស់សហរដ្ឋអាមេរិក មិនអាចធ្វើឱ្យចិនខ្លាចរអានោះទេ។ ខណៈកំពុងជាប់ទណ្ឌកម្មលោកខាងលិច វានឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីពឹងផ្អែក រឹតតែខ្លាំងលើចិន។ ការពឹងផ្អែកលើចិននេះឯង វាអាចបង្ខំឱ្យរុស្ស៊ីត្រូវបិទភ្នែកម្ខាង បើកភ្នែកម្ខាង ដោយចិននឹងក្ដាប់យកឱកាសនេះពង្រីកឥទ្ធិពល របស់ខ្លួននៅក្នុងតំបន់អាស៊ីកណ្ដាល។ ចិនអាចរៀនសូត្រពីបទពិសោធជាប់ទណ្ឌកម្មរបស់រុស្ស៊ី ដើម្បីសម្របខ្លួននឹងទណ្ឌកម្ម ប្រសិនត្រូវប្រឈមមុខ ជាមួយអាមេរិក ឬលោកខាងលិចនៅថ្ងៃណាមួយដូចជារុស្ស៊ីដែរ តួយ៉ាងដូចសំណុំរឿងតៃវ៉ាន់ជាដើម។ តែ នេះមិនមែនមានន័យថាចិននឹងបង្កើត ប្រព័ន្ធសម្ព័ន្ធមិត្តជាមួយម៉ូស្គូនោះទេ ដោយចិននឹងបន្តស្ថិតនៅក្រៅបក្សសម្ព័ន្ធដើម្បីមានភាពបត់បែន ស្របទៅតាមប្រយោជន៍របស់ចិន។

ដោយឡែក និយាយពីឥណ្ឌាវិញ, ឥណ្ឌា គឺជាប្រទេសប្រជាធិបតេយ្យធំជាងគេនៅលើពិភពលោក។ ប៉ុន្តែ គោលជំហររបស់ឥណ្ឌាចំពោះសង្រ្គាម អ៊ុយក្រែន មិនសមជាមេដឹកនាំប្រធិបតេយ្យដែលលោកខាងលិចចង់បាននោះទេ ដែលនេះអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងជាមួយបណ្ដាប្រទេស លោកខាងលិចទៅថ្ងៃក្រោយ។ តែទោះជាយ៉ាងនេះក្ដី ឥណ្ឌានឹងនៅតែបន្តរក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ី ជាពិសេសគឺកិច្ចសហប្រតិបត្តិការ
បច្ចេកទេស និងយោធាតែម្ដង ហើយអាចធ្វើបែបនេះបាន គឺដោយសារតែឥណ្ឌាដឹងយ៉ាងច្បាស់ថាអាមេរិក ឬអឺរ៉ុបនៅតែត្រូវការទីក្រុងញូដេលី ដើម្បីចូលរួមក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិន។

គួរបញ្ជាក់ថា ក្រៅពីសហភាពអឺរ៉ុប, សហរដ្ឋអាមេរិក, ចិន ឬឥណ្ឌា ប្រទេសមួយចំនួនទៀត ដូចជាអ៉ីរ៉ង់ និងវ៉េណេស៊ុយអេឡាក៏កំពុងទទួល ផលចំណេញពីសង្រ្គាមអ៊ុយក្រែនដែរ។ ទាំងអ៉ីរ៉ង់ និងវ៉េណេស៊ុយអេឡាសុទ្ធតែកំពុងជាប់ទណ្ឌកម្មរបស់អាមេរិក ហើយអ្វីដែលពួកគេចង់បានគឺ
អាចនាំចេញប្រេងទៅកាន់ទីផ្សារពិភពលោកសាជាថ្មី ដ្បិតពួកគេរំពឹងថាអាមេរិកអាចនឹងដកទណ្ឌកម្មពីពួកគេ ដើម្បីរកអ្នកផ្គត់ផ្គង់ប្រេងជំនួសរុស្ស៊ី៕

ប្រភព៖ RT (ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២)