(មូស្គូ)៖ វិមានក្រឹមឡាំនៅថ្ងៃអង្គារ ទី២២ ខែមីនានេះ បានច្រានចោលការព្រមានរបស់សហរដ្ឋអាមេរិកដែលថា ខ្លួនប្រហែលជាកំពុងរៀបចំការវាយប្រហារតាមអ៊ីនធឺណិតជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដោយគូសបញ្ជាក់ថា រុស្ស៊ីមិនចូលរួមក្នុងសកម្មភាពចោរកម្មបែបនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា «សហព័ន្ធរុស្ស៊ី មិនដូចបណ្តាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកទេ រុស្ស៊ីមិនចូលរួមប្រព្រឹត្តទង្វើចោរកម្មកម្រិតរដ្ឋនោះទេ»

រុស្ស៊ីធ្លាប់បានច្រានចោលការចោទប្រកាន់ស្រដៀងគ្នានេះផងដែរកាលពីខែកុម្ភៈ ដែលកាលនោះសហរដ្ឋអាមេរិកបានចោទប្រកាន់ថា រុស្ស៊ីទទួលខុសត្រូវចំពោះការលួចចូលគេហទំព័ររបស់ធនាគារ និងរដ្ឋាភិបាលរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទបានប្រាប់ក្រុមហ៊ុនអាជីវកម្មទាំងអស់ធ្វើឲ្យប្រាកដថា ទ្វារឌីជីថលពួកគេត្រូវបានបិទ ដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណែត ដែលអាចធ្វើឡើងដោយប្រទេសរុស្ស៊ី៕